(ស៉ីដនី)៖ ភ្លៀងធ្លាក់យ៉ាងគំហុក បានបោកបក់លើភាគអាគ្នេយ៍នៃប្រទេសអូស្រ្តាលី នាថ្ងៃសុក្រនេះ ខណៈទីក្រុងស៉ីដនី មានភ្លៀងធ្លាក់ជាប់ៗគ្នាជាងមួយខែមកហើយ និងបាននាំឱ្យអាជ្ញាធរចេញព្រមានអំពីទឹកជំនន់ ក៏ដូចជាណែនាំដល់ពលរដ្ឋចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ ២០២៤។

ទិន្នន័យពីការិយាល័យឧតុនិយមអូស្រ្តាលី បានឱ្យដឹងថា រដ្ឋធានីស៉ីដនី ដែលមានប្រជាជនរស់នៅជាង ៥លានគ្រួសារបានទទួលទឹកភ្លៀងកម្រិត ១១១មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ និងជាមធ្យមកម្រិត ១២១.៥មីលីម៉ែត្រ នៅក្នុងខែមេសា។ ភ្លៀងអាចនឹងធ្លាក់កាន់តែខ្លាំងមកដល់ថ្ងៃសុក្រនេះ ដោយមានកម្រិត ២០០មីលីម៉ែត្រនៅតំបន់មួយចំនួន មុនពេលរសាត់ទៅទិសខាងកើតឆ្ពោះទៅកាន់ឆ្នេរសមុទ្រ Tasman នៅថ្ងៃសៅរ៍ចុងសប្តាហ៍។

អភិបាលរដ្ឋ New South Wales លោក Chris Minns បានបញ្ជាក់ថា «នេះជាព្រឹត្តិការណ៍អាកាសធាតុដ៏សំខាន់ ហើយវាចាំបាច់ណាស់សម្រាប់មនុស្សគ្រប់គ្នា ដែលត្រូវចៀសវាងគ្រោះថ្នាក់»។ ភ្នាក់ងារសង្រ្គោះបន្ទាន់ក្នុងរដ្ឋ New South Wales បានទទួលទូរស័ព្ទសុំជំនួយ ៥០០លើក ហើយមនុស្ស ៧នាក់ត្រូវបានជួយសង្រ្គោះចេញពីទឹកលិច និងមានការព្រមានអំពីជំនន់ទឹកទន្លេមួយចំនួន នៅឯភាគខាងកើត។

គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តី ទំនប់ Warragamba ដែលផ្គត់ផ្គង់ទឹក ៨០ភាគរយនៃការផ្គត់ផ្គង់សម្រាប់ទីក្រុងស៉ីដនី បច្ចុប្បន្នមានទឹកប្រហែល ៩៦ភាគរយនៃសមត្ថភាព និងអាចហក់ឡើងនៅថ្ងៃចន្ទ បន្ទាប់ពីព្យុះថមថយឥទ្ធិពល៕