(ព្រុចសែល)៖ បណ្ដាប្រទេសជាសមាជិក NATO កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា បានឯកភាពគ្នាថានឹងស្វះស្វែងរកការផ្គត់ផ្គង់ប្រព័ន្ធអាវុធការពារដែនអាកាសបន្ថែម ដើម្បី ការពារអ៊ុយក្រែនពីការវាយប្រហារមីស៊ីលបាលិស្ទីគពីរុស្ស៉ី នាឱកាសបក្សសម្ព័ន្ធយោធាមួយនេះប្រារព្ធខួបកំណើត ៧៥ឆ្នាំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

«សម្ព័ន្ធមិត្តទាំងអស់យល់ពីភាពបន្ទាន់នេះ»។ ជាការបញ្ជាក់របស់អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg នៅបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបសមភាគី NATO និងបានទទូចសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ជាពិសេសខែលប្រឆាំងមីស៊ីល Patriot របស់សហរដ្ឋអាមេរិក។ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានសង្កត់ធ្ងន់ដែរថាការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែនគឺជារឿងសំខាន់បំផុត ជាពិសេសខណៈប្រទេសមួយចំនួនដូចជាចិន កូរ៉េខាងជើង និងអ៉ីរ៉ង់កំពុងគាំទ្រដល់ការពង្រឹងសមត្ថភាពផលិតនៃឧស្សាហកម្មអាវុធរុស្ស៉ី។ ក៏ប៉ុន្តែ បណ្ដាប្រទេសជាសមាជិក NATO មិនបានធ្វើការសន្យាជាក់លាក់ណាមួយទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅ បណ្ដារដ្ឋមន្ត្រីនៃប្រទេសជាសមាជិក NATO ក៏បានឯកភាពគ្នាផងដែរថានឹងចាប់ផ្ដើមផែនការសម្រាប់ការដើរតួនាទីមួយ ក្នុងការសម្របសម្រួល ជំនួយដើម្បីជួយអ៊ុយក្រែន បន្តតស៊ូប្រយុទ្ធប្រឆាំងជាមួយរុស្ស៉ី៕