(តៃប៉ិ)៖ ក្រុមអ្នកជួយសង្រ្គោះនៅកោះតៃវ៉ាន់ នៅថ្ងៃសុក្រ ទី៥ ខែមេសានេះបានបន្តប្រតិបត្តិការតាមស្វែងរកមនុស្ស១៨នាក់ដែលកំពុងបាត់ខ្លួននៅឡើយ ក្រោយ គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ វាយប្រហារលើតំបន់ភ្នំ និងឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គ្រោះរញ្ជួយដីកាលពីថ្ងៃពុធសប្ដាហ៍នេះនៅក្នុងទីក្រុង Hualien ដែលជាតំបន់មិនសូវមានប្រជាជនរស់នៅ ស្ថិតនៅភាគខាងកើតតៃវ៉ាន់ បានសម្លាប់មនុស្ស ១០នាក់ និងបង្កការខូចខាតដល់ផ្លូវថ្នល់ រួមទាំងអគារមួយចំនួន។ បើតាមនាយកដ្ឋានពន្លត់អគ្គិភ័យតៃវ៉ាន់ មនុស្ស១៨នាក់នៅតែបន្តបាត់ខ្លួន ហើយក្នុងចំណោមពួកគេមាន ជនបរទេស៤នាក់មកពីឥណ្ឌា កាណាដា និងអូស្ត្រាលី។ ក្រុមអ្នកជួយសង្រ្គោះមានសមាជិក ៤៥នាក់កំពុងបន្តប្រតិបត្តិការតាមស្វែងរក និងបានសង្រ្គោះមនុស្ស ៤០០នាក់ ក៏ដូចជាកំពុងផ្ដល់ជំនួយ ព្រមទាំងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មនុស្សច្រើនជាង១០០នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ ហើយគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រសម្លាប់ មនុស្សច្រើនជាង ២០០០នាក់ ក្នុងឆ្នាំ១៩៩៩៕