(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា បាននិយាយថានឹងកម្ទេចមិនថានរណា នោះទេឱ្យតែចង់បំផ្លាញ ឬមានផែនការបំផ្លាញអ៉ីស្រាអែល ខណៈកំពុងធ្វើសកម្មភាពប្រឆាំងនឹងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ កើតមានឡើងបន្ទាប់ពីកងកម្លាំងអ៉ីស្រាអែលបានប្រកាសផ្អាកការឈប់សម្រាកសម្រាប់កងអង្គភាពប្រយុទ្ធ ទាំងអស់ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការសងសឹកណាមួយ ក្រោយអ៉ីរ៉ង់ចោទថាអ៉ីស្រាអែលជាអ្នកវាយប្រហារតាមផ្លូវអាកាសសម្លាប់មេបញ្ជាការរបស់ខ្លួន ជាច្រើននាក់ ក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

ថ្លែងនាឱកាសចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីខាងសន្តិសុខ លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ៉ីរ៉ង់បានធ្វើ សកម្មភាពប្រឆាំងនឹងពួកយើង ទាំងប្រយោល និងដោយផ្ទាល់ ដូច្នេះអ៉ីស្រាអែលកំពុងធ្វើសកម្មភាពប្រឆាំងអ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយតេហេរ៉ង់ ជាមួយការការពារខ្លួន និងវាយបក»

គួរបញ្ជាក់ថា ក្រោយមានការវាយប្រហារលើបរិវេណស្ថានទូតអ៉ីរ៉ង់ប្រចាំទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា អ៉ីរ៉ង់បានចោទប្រកាន់ថាជាស្នាដៃរបស់ អ៉ីស្រាអែល ហើយក៏បានគំរាមសងសឹកផងដែរ។ អ៉ីស្រាអែលមិនបានទទួលស្គាល់ ហើយក៏មិនបានប្រកែកចំពោះការវាយប្រហារនេះទេ រីឯលោក ណេតាន់យ៉ាហ៊ូ ក៏មិនបាននិយាយអ្វីពីការវាយប្រហារនោះដែរ៕