(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា បានព្រមានឱ្យអ៉ីស្រាអែលចាត់វិធានការជាក់ស្ដែងដើម្បីការពារ អាយុជីវិតជនស៊ីវិល និងបុគ្គលិកមនុស្សធម៌ ឬក៏ចង់ឃើញការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលនេះជាការប៉ុនប៉ងលើកដំបូងបំផុតក្នុងការ ប្រើប្រាស់ការគំាទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកែប្រែសកម្មភាពយោធាអ៉ីស្រាអែល ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពី ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលសម្លាប់បុគ្គលិកមនុស្សធម៌របស់អង្គការ World Central Kitchen ក្នុងតំបន់ហ្កាហ្សាដែលជាដើមហេតុនាំឱ្យមាន ការអំពាវនាវកាន់តែច្រើនពីក្រុមអ្នកប្រជាធិបតេយ្យឱ្យដាក់លក្ខខណ្ឌលើជំនួយអាមេរិកសម្រាប់អ៉ីស្រាអែល។ កន្លងមក លោក បៃដិនបានច្រានចោលការទទូចឱ្យ ផ្អាក ឬបញ្ឈប់ការផ្ដល់អាវុធឱ្យអ៉ីស្រាអែល។ ដូច្នេះហើយនេះគឺជាលើកដំបូងបំផុតដែលលោក បៃដិនព្រមានដាក់លក្ខខណ្ឌលើការផ្ដល់ជំនួយ។

តាមសេតវិមាន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមានរយៈពេល៣០នាទី លោក បៃដិន បានបញ្ជាក់ច្បាស់ៗប្រាប់លោក ណេតាន់យ៉ាហ៊ូថាអ៉ីស្រាអែលចាំបាច់ត្រូវតែ ចាត់វិធានការជាក់ស្ដែង ដើម្បីការពារអាយុជីវិតជនស៊ីវិល និងធានាសុវត្ថិភាពដល់បុគ្គលិកមនុស្សធម៌។ បន្ថែមពីលើនេះ លោក បៃដិន ក៏បានអំពាវនាវឱ្យមាន បទឈប់បាញ់បន្ទាន់មួយផងដែរ ជាមួយការសង្កត់ធ្ងន់ថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះសង្រ្គាមនៅហ្កាហ្សា នឹងត្រូវបានកំណត់ ដោយការវាយតម្លៃ លើសកម្មភាពរបស់អ៉ីស្រាអែល។ ប៉ុន្តែ ក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទ អ្នកនាំពាក្យសេតវិមាន លោក John Kirby បានបដិសេធ បញ្ជាក់លម្អិតពីការផ្លាស់ប្ដូរជាក់លាក់ណាមួយ ដែលសហរដ្ឋអាមេរិកនឹងអនុវត្តនៅក្នុងគោលនយោបាយរបស់ខ្លួនចំពោះអ៉ីស្រាអែល និងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់អ៉ីស្រាអែល ហើយរដ្ឋបាលលោក បៃដិន ក៏បានផ្ដល់ការការពារផ្នែកការទូតយ៉ាងសំខាន់ដល់ អ៉ីស្រាអែលនៅឯអង្គការសហប្រជាជាតិផងដែរ៕