(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី១ ខែមេសា អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើអគារស្ថានកុងស៊ុល ស្ថិតនៅក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់ ប្រចាំរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។ ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ ក្នុងនោះមានទាំងលោក Mohammad Reza Zahedi ដែលជាមេបញ្ជាការជាន់ខ្ពស់ម្នាក់ទទួល បន្ទុកដឹកនាំប្រតិបត្តិការយោធារបស់អ៉ីរ៉ង់ក្នុងប្រទេសស៊ីរី និងលីបង់។ ក្រោយការវាយប្រហារនេះ មេដឹកនាំកំពូលអ៉ីរ៉ង់បានព្រមាន សងសឹកអ៉ីស្រាអែល។ ប៉ុន្តែ ក្រុមអ្នកវិភាគ យល់ថាអ៉ីរ៉ង់ទំនងជានឹងមិនបើកការវាយប្រហារដោយផ្ទាល់លើអ៉ីស្រាអែលនោះទេ ពីព្រោះវាអាចនឹងជំរុញឱ្យអ៉ីស្រាអែល វាយប្រហារលើទឹកដីអ៉ីរ៉ង់វិញ ហើយអាចនឹងអូស សហរដ្ឋអាមេរិកឱ្យចូលរួមក្នុងសង្រ្គាមតំបន់មួយ។ ដូច្នេះតើអ៉ីរ៉ង់អាចនឹងជ្រើសរើសសងសឹកអ៉ីស្រាអែល ដោយរបៀបណា?

* តើអ៉ីរ៉ង់ជាខ្លាក្រដាសឬ?
បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អ៉ីស្រាអែលគួរណាស់តែបន្ធូរដៃក្នុងយុទ្ធនាការប្រឆាំងនឹងអ៉ីរ៉ង់ ខណៈខ្លួនកំពុងផ្តោតលើសង្រ្គាមប្រឆាំង ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា និងជាពិសេសដោយសារតែក្រុម Hezbollah ហាក់មិនមានបំណងលូកដៃជួយក្រុមហាម៉ាសដោយផ្ទាល់ នោះទេ។ អ៉ីស្រាអែលក៏គួរតែចូលរួមជាមួយ សហរដ្ឋអាមេរិកផងដែរ ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមហ្កាហ្សារាលដាលទៅជាសង្គ្រាមតំបន់ និងបញ្ចៀសការប្រឈមមុខដាក់គ្នាជាមួយអ៉ីរ៉ង់ដែលគឺជាអ្វីដែលប្រទេសអារ៉ាប់ក្បែរខាង អ៉ីស្រាអែលចង់បាន។ ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងគណៈរដ្ឋមន្ត្រីសង្រ្គាមរបស់លោកបានជ្រើសរើសដើរផ្លូវផ្សេង។ អ៉ីស្រាអែលជឿថាខ្លួន ចាំបាច់ត្រូវតែប្រឈមមុខជាមួយអ៉ីរ៉ង់តែម្ដង មិនគ្រាន់តែប្រឈមជាមួយ តួអង្គតំណាង ឬ Proxy របស់អ៉ីរ៉ង់ប៉ុណ្ណោះទេ។ ដើរតាមយុទ្ធសាស្ត្រនេះ អ៉ីស្រាអែលត្រូវតែឱ្យអ៉ីរ៉ង់ ទទួលខុសត្រូវលើសកម្មភាពដែល Proxy របស់ខ្លួនបានធ្វើ។

តាមក្រុមអ្នកវិភាគមួយចំនួន អ៉ីស្រាអែលកំពុងព្យាយាមញុះឱ្យអ៉ីរ៉ង់លូកដៃចូលក្នុងសង្រ្គាម ដើម្បីរកឱកាសកម្ចាត់ឥទ្ធិពលអ៉ីរ៉ង់ និងក្រុម Proxy របស់អ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ តាមពិតទៅ អ៉ីស្រាអែលហ៊ានវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់ ពីព្រោះដឹងថាតេហេរ៉ង់នឹងរឹតត្បិតលើជម្រើសសងសឹករបស់ខ្លួន ដោយសារតែខ្លាចផ្ទុះសង្រ្គាមដោយផ្ទាល់ ជាមួយអ៉ីស្រាអែល ហើយអូសសហរដ្ឋអាមេរិកឱ្យចូលរួមដែរ។ អ៉ីស្រាអែល ក៏មើលឃើញដែរពីចំណុចខ្សោយនៃ នយោបាយផុយស្រួយ និងបញ្ហាសេដ្ឋកិច្ចរបស់អ៉ីរ៉ង់។ លើសពីនេះទៀត នៅក្នុងក្រសែភ្នែករបស់អ៉ីស្រាអែល «អ៉ីរ៉ង់ត្រឹមតែជាខ្លាក្រដាស» ប៉ុណ្ណោះ ហើយការយល់ឃើញបែបនេះគឺមកពីក្រោយ ការគំរាមសងសឹកឱ្យវិញ្ញាណក្ខន្ធលោក Qasem Soleimani ជាមេបញ្ជាការកងកម្លាំង Quds របស់អ៉ីរ៉ង់ដែលត្រូវបានសម្លាប់ក្នុង ការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក ក្នុងឆ្នាំ២០២០ អ៉ីរ៉ង់មិនបានសងសឹកអាមេរិក ឬអ៉ីស្រាអែលខ្លាំង ដូចមាត់និយាយនោះទេ។ យ៉ាងណាក៏ដោយ ការស្លាប់របស់លោក Soleimani ពិតជាបានបង្កើន ការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលមែន ហើយការពង្រីកសមត្ថភាព ក្រុម Proxy របស់អ៉ីរ៉ង់បានបង្ហាញ ថាការសម្លាប់លោក Soleimani មិនបានកំញើញ ឬកាត់បន្ថយសមត្ថភាពក្រុម Proxy ពីការបង្កការខូចខាត ធ្ងន់ធ្ងរនៅទូទាំងតំបន់នោះឡើយ។ ណាមួយជាទម្លាប់ តិច ឬច្រើនអ៉ីរ៉ង់តែងតែបើកការវាយប្រហារសងសឹក។

* តើអ៉ីរ៉ង់នឹងសងសឹកអ៉ីស្រាអែលដោយរបៀបណា?
អ៉ីរ៉ង់ អាចនឹងមានអារម្មណ៍ថាខ្លួនត្រូវតែសងសឹកប្រឆាំងអ៉ីស្រាអែលដោយផ្ទាល់ ប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុកឱ្យធ្វើដូច្នេះ។ សេចក្ដីរាយការណ៍ពីការទប់ស្កាត់ការប៉ុនប៉ងរបស់អ៉ីរ៉ង់ ដើម្បីវាយប្រហារលើស្ថានទូតអ៉ីស្រាអែល ឬជនជាតិអ៉ីស្រាអែលនៅបរទេស អាចបញ្ជាក់បានថាមិនមែនអ៉ីរ៉ង់មិនព្យាយាមវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងផលប្រយោជន៍អ៉ីស្រាអែល ឡើយ។ តួយ៉ាង កងកម្លាំងគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់ ក៏បានចាប់ផ្ដើមវាយប្រហារលើអ៉ីស្រាអែលដែរ ជាមួយការវាយប្រហារ ដោយដ្រូនលើមូលដ្ឋានទ័ពជើងទឹកអ៉ីស្រាអែល​ ក្នុងទីក្រុង Eilat មុនការវាយប្រហារចុងក្រោយបំផុតរបស់អ៉ីស្រាអែលក្នុងរដ្ឋធានីដាម៉ាស។

ចំណែក ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនវិញ បានបាញ់មីស៊ីលលើភាគខាងត្បូងអ៉ីស្រាអែលផងដែរ។ អ៉ីស្រាអែលអាចមើលឃើញថាគ្រោះថ្នាក់នេះអាចគ្រប់គ្រងបាន តែការគំរាមកំហែង មិនមែនមានតែលើអ៉ីស្រាអែលទេ ពោលគឺផលប្រយោជន៍ និងកងទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាក៏អាចរងការបំផ្លិចបំផ្លាញដែរ។ នៅមុនសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើង ឱ្យតែមាន ការវាយប្រហាររបស់អ៉ីស្រាអែលលើមូលដ្ឋាន ឬកងកម្លាំងអ៉ីរ៉ង់នៅស៊ីរី អ៉ីរ៉ង់តែងតែជ្រើសរើសសងសឹកតាមរយៈការបញ្ជាឱ្យ Proxy របស់ខ្លួននៅអ៉ីរ៉ាក់ និងស៊ីរីវាយប្រហារលើកងទ័ព អាមេរិក។ ជាឧទាហរណ៍៖ កាលពីឆ្នាំ២០២១ ក្រុម Proxy របស់អ៉ីរ៉ង់បានបើកការវាយប្រហារច្រើនជាង ៨០លើកលើ កងកម្លាំងអាមេរិក រហូតដល់មានការសម្របសម្រួលបន្ធូរបន្ថយ ភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកនៅពាក់កណា្ដលឆ្នាំ២០២៣។

តែនៅក្រោយសង្រ្គាមហ្កាហ្សាផ្ទុះឡើង ការវាយប្រហារលើកងទ័ពអាមេរិកបានចាប់ផ្ដើមឡើងវិញ និងកាន់តែខ្លាំងក្លាជាងមុនទៀតផង។ កាលពីខែមករា ដើមឆ្នាំ២០២៤ ក្រុម Proxy មួយរបស់អ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ បានបើកការវាយប្រហារដោយប្រើដ្រូនសម្លាប់ទាហានអាមេរិក ៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានបើក ការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ប្រឆំាងក្រុម Proxy អ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក ក្រុម Proxy អ៉ីរ៉ង់បានបញ្ឈប់ការវាយប្រហារ លើកងទ័ពអាមេរិកនៅក្នុងតំបន់។

ប៉ុន្តែ ការវាយប្រហាររបស់អ៉ីស្រាអែលលើស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី អាចនឹងធ្វើឱ្យការវាយប្រហារលើកងទ័ពអាមេរិកក្នុងតំបន់ចាប់ផ្ដើមឡើងវិញ។ ជាក់ស្ដែង ប៉ុន្មានម៉ោងក្រោយការវាយប្រហាររបស់អ៉ីស្រាអែល កងទ័ពអាមេរិកឈរជើងនៅស៊ីរី បានបាញ់ទម្លាក់ដ្រូនប្រយុទ្ធមួយគ្រឿងដែលហោះនៅក្បែរមូលដ្ឋានរបស់ពួកគេ៕