(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះបានផ្អាកការអនុញ្ញាតច្បាប់ឈប់សម្រាក សម្រាប់អង្គភាពប្រយុទ្ធទាំងអស់ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សា បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ នៅទីក្រុងដាម៉ាសនៃប្រទេសស៊ីរីក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោងទៅតាមការវាយតម្លៃអំពីស្ថានភាព វាត្រូវបានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ន ចំពោះការអនុញ្ញាតច្បាប់ឈប់សម្រាក សម្រាប់អង្គភាពប្រយុទ្ធទាំងអស់ នៃកងកម្លាំងការពារអ៊ីស្រាអែល»។

របាយការណ៍បានបន្ថែមថា «កងទ័ពអ៊ីស្រាអែលស្ថិតក្នុងស្ថានភាពនៃសង្រ្គាម ហើយថា កំពុងវាយតម្លៃជានិច្ចនូវការដាក់ពង្រាយទ័ពតាមតម្រូវការ»។

កាល​ពី​ថ្ងៃ​ពុធ យោធា​បាន​និយាយ​ថា​ខ្លួន​បាន​កោះហៅ​ទាហាន​បម្រុង ​ដើម្បី​ពង្រឹង​ការ​ការពារ​ដែន​អាកាស។ ចំណែកសេវាកម្ម GPS ក៏ត្រូវបានរំខាន នៅក្នុងវិធានការជាក់ស្តែងមួយ ដើម្បីបង្កើនការការពារប្រឆាំងនឹងមីស៊ីល។

គួរជម្រាបថា អ៊ីរ៉ង់​បាន​ប្តេជ្ញា​សងសឹក​ចំពោះ​ការ​សម្លាប់​ឧត្តមសេនីយ​ពីរ​រូប និង​ទីប្រឹក្សា​យោធា​ប្រាំ​នាក់​របស់​ខ្លួន ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់អ៊ីស្រាអែលលើ​បរិវេណ​ស្ថានទូត​អ៊ីរ៉ង់ ​ក្នុង​រដ្ឋធានី​ដាម៉ាស​ប្រទេស​ស៊ីរី ​កាល​ពី​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ។ ចំណែកឯ ចិនតាមរយៈអ្នកនាំពាក្យការបរទេសរបស់ខ្លួន ក៏បានថ្លោលទោសចំពោះការវាយប្រហារនេះផងដែរ ដោយបន្ថែមថា «រាល់សកម្មភាពទាំងអស់ នឹងនាំទៅរកភាពតានតឹងកាន់តែខ្លាំង»៕