(មូស្គូ)៖ អ្នកគ្រប់គ្រងរោងចក្រដែលគ្រប់គ្រងដោយរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមេសា) នេះថា បណ្តាញថាមពលបម្រុងសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhya គាំងលែងដំណើរការ បើទោះបីជាខ្សែថាមពេលមេរបស់វានៅដំណើរការនៅឡើយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០២៤។

បញ្ហានេះត្រូវបានគេនិយាយថា បានកើតឡើងនៅលើខ្សែបញ្ជូន ៣៣០ គីឡូវ៉ាត់ "Ferosplavnaya" ។ បណ្តាញថាមពលបម្រុងនេះ ត្រូវបានស្ដារឡើងវិញនៅពាក់កណ្តាលខែមុន បន្ទាប់ពីលែងដំណើរជាងបីសប្តាហ៍ នេះបើយោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។

រដ្ឋបាលរុស្ស៊ីបាននិយាយតាមរយៈកម្មវិធី Telegram ថា មូលហេតុនៃបញ្ហានេះ កំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែមិនបណ្តាលឱ្យមានការផ្លាស់ប្តូរកម្រិតវិទ្យុសកម្មណាមួយឡើយ។

គួរជម្រាបថា រ៉េអាក់ទ័រទាំង ៦ របស់រោងចក្រ Zaporizhzhya ដែលត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ី និងដែលមានទីតាំងនៅជិតខ្សែបន្ទាត់ជួរមុខនៃសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន គឺមិនដំណើរការទេ ប៉ុន្តែវានៅតែត្រូវការពឹងផ្អែកលើថាមពលខាងក្រៅ ដើម្បីរក្សាវត្ថុធាតុនុយក្លេអ៊ែររបស់វាឱ្យនៅត្រជាក់ជាប្រចាំ ដើម្បីការពារគ្រោះមហន្តរាយ។

ឧប្បត្តិវហេតុនេះបង្ហាញពីហានិភ័យ ដែលកំពុងកើតមានចំពោះសុវត្ថិភាពរបស់រោងចក្រថាមពលនុយក្លេអែរដ៏ធំផុតរបស់អឺរ៉ុបមួយនេះ ដោយសារសង្គ្រាម។ ទាំងរុស្ស៊ី និងអ៊ុយក្រែន បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបាញ់ផ្លោងរោងចក្រនេះ៕