(កូឡុំបូ)៖ រដ្ឋមន្រ្តីការបរទេសស្រីលង្កា បាននិយាយថា ស្រីលង្កាមិនឃើញមានភាពចាំបាច់ដើម្បីបើកកិច្ចចរចា ជុំវិញបញ្ហាដ៏ចម្រូងចម្រាសមួយលើ កោះដែលឥណ្ឌាប្រគល់មកឱ្យខ្លួនកាលពី ៥០ឆ្នាំមុននោះទេ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ ២០២៤។

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានលើកពីបញ្ហាមិនសប្បាយចិត្ត ក្នុងចំណោមអ្នកនេសាទឥណ្ឌា បន្ទាប់ពីមានកិច្ចព្រមព្រៀងឆ្នាំ ១៩៧៦រវាងប្រទេសជិតខាងទាំងពីរ ដែលបានរារាំងពួកគេពី ការនេសាទក្នុងដែនទឹកជុំវិញកោះនោះ។ រដ្ឋមន្រ្តីការបរទេសស្រីលង្កា លោក Ali Sabry បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា «នេះជាបញ្ហាពិភាក្សាគ្នា និងដោះស្រាយកាលពី៥០ឆ្នាំមុន ហើយវាគ្មានអ្វីចាំបាច់ត្រូវពិភាក្សាបន្ថែមទៀតទេ។ ខ្ញុំគិតថា វានឹងមិនលេចឡើងទេ ព្រោះគ្មាននរណាម្នាក់ លើកជាសំណួរអំពីការផ្លាស់ប្តូរភាពដើមនៃកោះ ដែលមានស្ថិតនៅចម្ងាយ ៣៣គីឡូម៉ែត្រពីឆ្នេរសមុទ្រឥណ្ឌា នៅឯច្រកសមុទ្រ Palk ជាទីខណ្ឌចែកឥណ្ឌា-ស្រីលង្កា នោះទេ»។

គួរបញ្ជាក់ថា ឥណ្ឌាបានប្រគល់កោះមួយនៃច្រកសមុទ្រ Palk ទៅឱ្យស្រីលង្កាកាលពីឆ្នាំ ១៩៧៤ ហើយសម្រេចបានកតិកាសញ្ញា ស្តីពីអ្នកនេសាទនៅឆ្នាំ១៩៧៦ ប៉ុន្តែមានការមិនសប្បាយចិត្តចំពោះការប្រគល់នេះ បូករួមជាមួយការថយចុះនៃសិទ្ធិអ្នកនេសាទ បានជំរុញឱ្យមានបញ្ហាចម្រូងចម្រាស់ក្នុងតុលាការ ដែលនៅមិនទាន់ដោះស្រាយបាន ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ៕