(ប៉េកាំង)៖ នៅដើមខែមេសាជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើនគឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិនចាត់ទុកជា ថ្ងៃបុណ្យប្រពៃណីដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង ៤ ដែលថ្ងៃបុណ្យ ៣ ផ្សេងទៀតរួមមាន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន , បុណ្យសែននំចាំង និងបុណ្យសែនព្រះខែ ។

និយាយពីថ្ងៃបុណ្យ ឆេងម៉េង ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានស្គាល់ច្បាស់តាមរយៈ ការរៀបចំសកម្មភាពក្នុងថ្ងៃបុណ្យរបស់ជនជាតិចិន និងជនជាតិខ្មែរជាប់សែស្រឡាយចិន ពោលគឺនៅក្នុងថ្ងៃបុណ្យ ឆេងម៉េង ជនជាតិចិននិងជនជាតិខ្មែរជាប់សែស្រឡាយចិន តែងមានរៀបចំពិធីសែនកុងម៉ានៅផ្ទះ និងធ្វើដំណើរទៅសែនផ្នូររបស់សាច់ញាតិ ដែលបានចែកឋានទៅ ដែលបង្ហាញពីការនឹករឭក និងការបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអ្នកចែកឋានបានទៅកាន់ឋានបរមសុខ និងជួយថែរក្សាសាច់ញាតិ ដែលនៅរស់រានមានជីវិតឱ្យមាន សេចក្តីសុខសេចក្តីចម្រើន ។

ដើមឡើយ បុណ្យ ឆេងម៉េង គ្រាន់តែជាឈ្មោះនៃរដូវកាលមួយ ក្នុងចំណោមរដូវកាលទាំង ២៤ តាមចន្ទគតិចិនប៉ុណ្ណោះ ។ ក្នុងរដូវកាលនេះ នៅភាគខាងត្បូងប្រទេសចិនមានមេឃស្រឡះល្អ ធាតុអាកាសត្រជាក់ស្រួល បុប្ផាគ្រប់ប្រភេទចាប់ផ្តើមរីកស្គុសស្គាយ ជាបន្តបន្ទាប់ ឯភាគខាងជើងដែលគ្របដណ្តប់ដោយព្រិលទឹកកក ក្នុងរដូវរងាក៏មានសីតុណ្ហភាពក្តៅឡើងជាបណ្តើរៗ ហើយរុក្ខជាតិនានាក៏ចាប់ផ្តើមលូតលាស់ផងដែរ ទិដ្ឋភាពទាំងនេះហើយដែលជនជាតិចិនហៅថា 清明(Qingming)ដែលអានតាមសូរជាភាសាខ្មែរថា ឈីងមីងឬឆេងម៉េង ដែលមានន័យថាភាពស្រឡះល្អ ភាពភ្លឺច្បាស់។

ក្នុងសម័យបុរាណចិន ស្តេចផែនដីតែងដឹកនាំសព្វមុខមន្ត្រីធ្វើព្រះរាជពិធីបួងសួងក្នុងរដូវផ្ការីក និងមានរៀបចំសកម្មភាពសែនផ្នូររបស់បុព្វការី ដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់ប្រជាជាតិចិនគឺគោរពដឹងគុណចំពោះអ្នកមានគុណ បុព្វការី និងវីរជនដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ។ ក្រោយមកពិធីបួងសួងនិងសែនផ្នូរក្នុងរដូវផ្ការី ក៏បានរួមបញ្ចូលជាមួយរដូវកាល ឆេងម៉េង បង្កើតបានជាថ្ងៃបុណ្យប្រពៃណី ដែលប្រកបដោយអត្ថន័យខាងអរិយធម៌ និងវប្បធម៌ផងនិងគួបផ្សំជាមួយរដូវកាលនៃធម្មជាតិផង។

ប្រពៃណីដែលអប់រំកូនចៅឱ្យចេះដឹងគុណ និងមានកតញ្ញុតាធម៌ បានដក់ជាប់នៅក្នុងក្រអៅដួងចិត្តរបស់កុលបុត្រកុលធីតាចិនគ្រប់រូប ដែលធ្វើឱ្យ«ហ្សែន»មួយនេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ។ តួយ៉ាងដូចជាបុណ្យ ឆេងម៉េង ដែលជនជាតិចិន អាណិកជនចិននិងជនបរទេស ដែលជាប់សែស្រឡាយចិនបានគោរពបដិបត្តិតាមទំនៀមទម្លាប់ថ្ងៃបុណ្យយ៉ាងខ្ជាប់ខ្ជួនរហូតដល់សព្វថ្ងៃ ជាការឆ្លុះបញ្ចាំងពីការប្រមូលផ្តុំនៃស្មារតីជនជាតិ ការបន្តវេនវប្បធម៌សែនព្រេនដែលជាអរិយធម៌ជាតិ និងជាការបង្ហាញពីមនោសញ្ចេតនាខាងគុណធម៌ និងកតញ្ញុតាធម៌នៃប្រជាជាតិចិន។

តាមពិតទៅ សកម្មភាពនិងទំនៀមទម្លាប់ក្នុងថ្ងៃបុណ្យ ឆេងម៉េង នៅប្រទេសចិនមិនត្រឹមតែសែនផ្នូរនោះទេ ពោលគឺនៅមានសកម្មភាពជាទំនៀមទម្លាប់ប្រពៃណី និងសកម្មភាពក្នុងយុគសម័យថ្មីជាច្រើនទៀត ដូចជាការដាំកូនឈើ បង្ហោះខ្លែង ទាញព្រ័ត្រ ផាត់ពណ៌លើស៊ុតមាន់ និងលេងសីដក់ជាដើម ពិសេសបន្ទាប់ពីថ្ងៃបុណ្យ ឆេងម៉េង ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកមក ប្រជាជនចិននិយមធ្វើដំណើរកម្សាន្តឬមានសកម្មភាពកម្សាន្តផ្សេងៗ ឯអ្នកចំណាកស្រុកតែងវិលត្រឡប់ទៅផ្ទះវិញដើម្បីជួបជុំគ្រួសារ។

និយាយពីថ្ងៃបុណ្យប្រពៃណីដែលប្រារព្ធឡើងដើម្បីរំឭកដល់ សាច់ញាតិបងប្អូនដែលបានចែកឋានទៅ និងរំឭកដឹងគុណបុព្វការី ក្រៅពីបុណ្យ ឆេងម៉េង របស់ចិន ប្រទេសកម្ពុជា ក៏មានបុណ្យភ្ជុំបិណ្ឌដែលជា ពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់ផងដែរ ។ ចំណែកនៅក្នុងប្រទេសម៉ិកស៊ិកក៏មានថ្ងៃបុណ្យមួយ ដែលសម្តែងការនឹករឭកចំពោះសាច់ញាតិ ដែលបានចែកឋានទៅផងដែរ ដែលហៅថា «ទិវាគោរពវិញ្ញាណក្ខន្ធ»។ នៅក្នុងភាពយន្តគំនូរជីវចលរឿង «Coco» ដែលចាក់បញ្ចាំងក្នុងឆ្នាំ ២០១៧ បានបង្ហាញពីទិដ្ឋភាពនៃ «ទិវាគោរពវិញ្ញាណក្ខន្ធ» និងសារៈសំខាន់នៃការចងចាំ ចំពោះសាច់ញាតិដែលបានចែកឋានទៅ ហើយការចងចាំនេះឯងជាការសម្តែង នូវក្តីគោរពនិងការនឹករឭកដ៏ល្អបំផុត ចំពោះអ្នកដែលបានចែកឋានទៅ។

ការបំពេញកតញ្ញុតាធម៌ជាប្រពៃណីនិងជាគុណធម៌ ដែលមនុស្សយើងគ្រប់រូបគួរប្រកាន់ខ្ជាប់ មិនថាជាជាតិសាសន៍ ពណ៌សម្បុរឬវណ្ណៈណាទេ ពិសេសពេលដែល «ព្រះរស់» នៅមានជីវិត គួរគោរពប្រតិបត្តិនិងតបស្នងសងគុណ លោកទាំងពីរដោយទឹកចិត្តជ្រះថ្លា។ អ្នកជំនាន់មុនគួរធ្វើជាគំរូភាពសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យឈាមជ័រដែលប្រកាន់ខ្ជាប់កតញ្ញុតាធម៌ ដែលជាគុណធម៌និងប្រពៃណីដ៏ល្អផូរផង់របស់មនុស្សជាតិ អាចបន្តវេនទៅគ្រប់ជំនាន់៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន