(ប៉េកាំង)៖ "នេះគឺជាសញ្ញាវិជ្ជមានមួយ" ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ព័ត៌មានដែលថា សន្ទស្សន៍សេដ្ឋកិច្ចធំ ចំនួន៣របស់ប្រទេសចិន បានងើបឡើងវិញ ក្នុងពេលដំណាលគ្នា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមតិអន្តរជាតិ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស ដូចជាទីភ្នាក់ងារសារព័ត៌មានបារាំងជាដើម ឱ្យដឹងថា ទិន្នន័យដែលហួសពីការរំពឹងទុកទាំងនេះ គឺជាតម្រុយថ្មីបំផុតនៃការពន្លឿនល្បឿនងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ វាមិនត្រឹមតែ "ធ្វើឱ្យអ្នកផងទាំងពួងទទួលបាន ការលើកទឹកចិត្តយ៉ាងខ្លាំង" ប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញបន្ថែមកម្លាំងចលករថ្មី ដល់សេដ្ឋកិច្ចពិភពលោកផងដែរ។

អ្វីដែលហៅថាសន្ទស្សន៍ធំចំនួនបី គឺសំដៅលើសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ នៃមុខរបរផលិតកម្ម (PMI) សន្ទស្សន៍សកម្មភាពធុរកិច្ច មិនមែនមុខរបរផលិតកម្មនិង PMI ចម្រុះ។ ក្នុងចំណោមនោះ PMI ចម្រុះគឺឆ្លុះបញ្ចាំងជាសំខាន់ អំពីស្ថានភាពសេដ្ឋកិច្ចទូទៅ។ PMI គឺឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងនិន្នាការប្រែប្រួលនៃមុខរបរផលិតកម្ម។ សន្ទស្សន៍សកម្មភាពធុរកិច្ច មិនមែនមុខរបរផលិតកម្មគឺឆ្លុះបញ្ចាំងជាសំខាន់ អំពីស្ថានភាពអភិវឌ្ឍនៃឧស្សហកម្មសេវាកម្ម។ PMI ត្រូវបានគេចាត់ទុកថា ជាឧបករណ៍វាស់ស្ទង់បម្រែបម្រួល ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតាមដានត្រួតពិនិត្យ ការព្យាករណ៍និងការប្រកាសអាសន្នចំពោះសកម្មភាពសេដ្ឋកិច្ច។

តាមទិន្នន័យផ្លូវការថ្មីបំផុតរបស់រដ្ឋាភិបាលចិនបង្ហាញឱ្យឃើញថា PMI សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្ម និងសន្ទស្សន៍ PMI ចម្រុះនៅខែមីនាឆ្នាំនេះគឺ ៥០.៨ភាគរយ ៥៣ភាគរយ និង៥២.៧ភាគរយ បានកើនឡើង១.៧ភាគរយ ១.៦ភាគរយនិង១.៨ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងខែមុន ដែលសុទ្ធតែស្ថិតនៅចន្លោះ កើនឡើងលើសពី៥០ភាគរយ។ ក្នុងចំណោមនោះ សកម្មភាពផលិតកម្មនៅខែមីនាបានកើនឡើងជាលើកដំបូង ក្នុងរយៈពេលកន្លះឆ្នាំ កន្លងមក ហើយបានបំបែកកំណត់ត្រាថ្មី ក្នុងមួយឆ្នាំកន្លងទៅ។

ហេតុអ្វីបានជាសេដ្ឋកិច្ចចិនទទួលបាន សមិទ្ធផលគួរឱ្យកត់សម្គាល់បែបនេះ? អ្នកវិភាគបានលើកឡើងថា ក្រៅពីការស្ទុះងើបឡើងវិញ នៃតម្រូវការក្នុងស្រុក និងការជំរុញ នៃតម្រូវការខាងក្រៅ វាក៏ទទួលបានផលប្រយោជន៍ពីការបន្តដើរតួនាទី នៃគោលនយោបាយលំនឹងសេដ្ឋកិច្ច ពង្រីកតម្រូវការក្នុងស្រុក និងលំនឹងពាណិជ្ជកម្មចំពោះបរទេស របស់រដ្ឋាភិបាលចិនផងដែរ។ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច មានភាពប្រសើរឡើងជាទូទៅ ជាពិសេសក្រុមហ៊ុននានា ចាប់ផ្តើមដំណើរការឡើងវិញ និងផលិតឡើងវិញបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និន្នាការបន្តធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិន កាន់តែមានភាពជាក់លាក់។

បើមើលកាន់តែល្អិតល្អន់អាចឃើញថា ទិន្នន័យលើកនេះនៅមានលក្ខណៈពិសេសមួយចំនួនទៀត។ ឧទាហរណ៍ ក្នុងខែមីនា PMIនៃមុខរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មទំនិញប្រើប្រាស់និងមុខរបរផលិតគ្រឿងបរិក្ខារ នៃប្រទេសចិនគឺ៥៣.៩ភាគរយ ៥១.៨ភាគរយនិង៥១.៦ភាគរយ ដែលសុទ្ធតែកើនឡើងជាងខែមុន។ ក្នុងចំណោមនោះ សន្ទស្សន៍ផលិតកម្មនៃមុខរបរផលិតកម្ម បច្ចេកវិទ្យាខ្ពស់ និងសន្ទស្សន៍នៃការបញ្ជាទិញថ្មី សុទ្ធតែខ្ពស់ជាង៥៥ភាគរយដែលបង្ហាញថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចប្រទេសចិនបាន និងកំពុងត្រូវជំរុញយ៉ាងប្រាកដប្រជា។ ម្យ៉ាងទៀត សន្ទស្សន៍រំពឹងទុកសម្រាប់សកម្មភាពផលិតកម្ម និងអាជីវកម្មគឺ៥៥.៦ភាគរយ បានកើនឡើងដល់ចន្លោះអាជីវកម្មខ្ពស់ ដែលបង្ហាញថាសហគ្រាសបានបង្កើនជំនឿចិត្តលើ ការអភិវឌ្ឍនៃទីផ្សារប្រទេសចិននៅពេលថ្មីៗនេះ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក ស្ថិរភាពនិងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិន ពិតជាព័ត៌មានល្អសម្រាប់ពិភពលោក។ លោក Tang Ruisi អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមន៍Brookingsអាមេរិកបានលើកឡើងថា ការពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិន នឹងធ្វើឱ្យសមិទ្ធិផលប្រកបដោយ ភាពច្នៃប្រឌិតថ្មីមួយចំនួន "ផ្តល់ផលប្រយោជន៍ដល់ពិភពលោក" និងបំពេញបន្ថែមចលករថ្មី ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចចិនមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង វាមិនត្រឹមតែមានអំណោយផលដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ពិភពលោកទៀតផង៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន