(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់លំដាប់ទី២ នៅក្នុងក្រសួងការបរទេសអាមេរិក បានលើកឡើងកាលពីថ្ងៃពុធ ទី៣ ខែមេសាថាគម្រោងនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ AUKUS រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក អាចជួយកំញើញកុំឱ្យចិនបើកការវាយប្រហារលើតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គម្រោង AUKUS ត្រូវបានបញ្ចេញកាលពីឆ្នាំ២០២៣ ដែលក្នុងនោះរួមមានទាំងការជួយអូស្ត្រាលីផលិត និងអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការទប់ស្កាត់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប៉ុន្តែ កន្លងមកប្រទេសទាំង៣ មាន ការស្ទាក់ស្ទើរ និងកម្រទាញភ្ជាប់គម្រោង AUKUS ជាសាធារណៈទៅនឹងភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ ហើយសូម្បីតែអូស្ត្រាលីក៏បាននិយាយដែរថាខ្លួនមិនសន្យានោះទេថា នឹងគាំទ្រសហរដ្ឋអាមេរិក ដែរឬក៏យ៉ាងណា នៅក្នុងករណីជម្លោះយោធានៅតៃវ៉ាន់ផ្ទុះឡើង។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បានទាញភ្ជាប់យ៉ាងកម្ររវាងតៃវ៉ាន់ និងគម្រោង AUKUS ដោយបញ្ជាក់ប្រាប់មជ្ឈមណ្ឌសម្រាប់សន្តិសុខអាមេរិកថ្មី (Center for a New American Security) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាចនឹងជួយពង្រឹងសន្តិភាព និងស្ថិរភាព ក្នុងនោះរួមមានទាំងនៅក្នុងច្រកសមុទ្រ (តៃវ៉ាន់) ដែលខណ្ឌចែករវាងចិន និងតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា ចិនបានចាត់ទុកកិច្ចព្រមព្រៀង AUKUS គឺជាគ្រោះថ្នាក់មួយដែលអាចនឹងបង្កឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់៕