(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benny Gantz ដែលជាសមាជិកម្នាក់នៃគណៈរដ្ឋមន្ត្រីសង្រ្គាម និងជាគូប្រជែងធំបំផុតរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានអំពាវនាវកាលពីថ្ងៃពុធ ទី៣ ខែមេសា ឱ្យមានការរៀបចំការបោះឆ្នោតសភាមុនកាលកំណត់នៅខែកញ្ញាខាងមុខ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអំពាវនាវខាងលើកើតមានឡើង ចំពេលលោក Netanyahu កំពុងប្រឈមមុខនឹងសម្ពាធពីគ្រប់ភាគី ក្នុងនោះរួមមានទាំងក្រុមបាតុករដែលបានទាមទារឱ្យ បង្កើនកិច្ចខិតខំប្រឹងប្រែងធានាការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

ថ្លែងចេញពីការិយាល័យរបស់លោកក្នុងរដ្ឋសភាអ៉ីស្រាអែល លោក Benny Gantz ដែលជាសមាជិកសភាម្នាក់ផងនោះ បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែ កំណត់កាលបរិច្ឆេទមួយដែលមានការឯកភាពពីគ្រប់ភាគីសម្រាប់ខែកញ្ញា ឬក៏អ្នកចង់កំណត់កាលបរិច្ឆេទសម្រាប់ខួបមួយឆ្នាំនៃសង្រ្គាម»។ គណបក្ស Likud របស់លោក Netanyahu បានច្រានចោលការអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ ដោយបញ្ជាក់ថាវានឹងនាំឱ្យមានការជាប់គាំងនយោបាយ និងបំផ្លាញដល់ ការប្រយុទ្ធរបស់ទាហានអ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែមេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បានបង្ហាញការគាំទ្រ ដល់ការអំពាវនាវនេះ។

គួរបញ្ជាក់ថា ដើម្បីអាចរៀបចំការបោះឆ្នោតមុនអាណត្តិ តម្រូវឱ្យមានការយល់ព្រមពីមន្ត្រីអ៉ីស្រាអែលជាប់ឆ្នោត៦១នាក់ ឬក៏ការគាំទ្រសំឡេងភាគច្រើនពី តំណាងរាស្ត្រនៅក្នុងសភាអ៉ីស្រាអែល ជាទីដែលគណបក្ស Likud គ្រប់គ្រងអាសនៈច្រើនជាងគេ តែមិនមែនជាសំឡេងភាគច្រើន។ បើតាមការស្ទង់មតិចុងក្រោយ បំផុតមួយ លោក Gantz ទទួលបានសំឡេងគាំទ្រច្រើនជាងលោក Netanyahu ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រជាប្រិយភាពចាប់តាំងពីការវាយប្រហារ របស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧​​ ខែតុលាមក៕