(សេអ៊ូល)៖ ក្រោយស្ដាប់ឮការគំរាមអស់រយៈពេលរាប់ទសវត្សរ៍មកនេះ មនុស្សភាគច្រើននៅជុំវិញពិភពលោក ហាក់មិនសូវជាចាប់អារម្មណ៍ខ្លាំងឡើយ នៅពេលដែលកូរ៉េខាងជើងព្រមានកម្ទេចសត្រូវ របស់ខ្លួន។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមអ្នកវិភាគល្បីៗមួយចំនួនបានព្រមានថាលោក គីម ជុងអ៊ុន ក្នុងពេលបច្ចុប្បន្នមានភាពប្រាកដប្រជា ចំពោះការត្រៀមលក្ខខណៈសម្រាប់សង្រ្គាម។ សព្វថ្ងៃគឺជាឆ្នាំទី១៣ នៃការដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាន់តែដំឡើងសាច់ដុំយោធាខ្លាំងឡើងៗ ដើម្បីធ្វើតេស្ដថាតើលោកអាចដើរដល់ណា ទើបសត្រូវរបស់លោកទ្រំាលែងបាន។ តាមរយៈ ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មេដឹកនាំកូរ៉េខាងជើងវ័យ៤០ឆ្នាំរូបនេះបានស្វាគមន៍ឆ្នាំ២០២៤ ជាមួយការប្រកាសលុបចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ ចេញពី រដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង និងគំរាមកម្ទេចកូរ៉េខាងត្បូងដែលលោកចាត់ទុកថាជាសត្រូវចម្បង។ ខណៈការគំរាមកំហែងបែបនេះមិនមែនគេទើបតែស្ដាប់ឮជាលើកទី១ អ្នកវិភាគដ៏ល្បី២នាក់ជឿថា លោក គីម ជុងអ៊ុន នឹងកាន់តែដំឡើងសាច់ដុំយោធា ជាពិសេសនៅមុនការបោះឆ្នោតសភាកូរ៉េខាងត្បូង ប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសាខាងមុខ។

«ដូចគ្នាទៅនឹងអ្វីដែលជីតារបស់លោកបានធ្វើក្នុងឆ្នាំ១៩៥០ លោក គីម ជុងអ៊ុន បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រមួយ ដើម្បីត្រៀមលក្ខណៈសម្រាប់សង្រ្គាម»។ នេះជាការយល់ឃើញរបស់អតីត មន្ត្រីចារកម្មអាមេរិក​ CIA លោក Robert Carlin និងលោក Siegfried Hecker ជាអ្នកវិទ្យាសាស្ត្រខាងនុយក្លេអ៊ែរ នៅក្នុងអត្ថបទមួយចេញផ្សាយនៅលើ 38 North ជាគេហទំព័រមួយផ្ដោតលើ កូរ៉េខាងជើង។ អ្នកវិភាគទាំង២នាក់នេះមិនបានព្យាករថាតើសង្រ្គាមអាចផ្ទុះឡើងនៅពេលណានោះទេ? ការយល់ឃើញរបស់លោក Carlin និងលោក Hecker មិនមានលក្ខណៈសកលឡើយ ដោយ អ្នកវិភាគមួយចំនួនធំយល់ថាសង្រ្គាម ឬការវាយប្រហារទ្រង់ទ្រាយធំណាមួយរបស់កូរ៉េខាងជើង លើកូរ៉េខាងត្បូងគឺជាទង្វើធ្វើអត្តឃាតខ្លួនឯង ព្រោះថាការឆ្លើយតបរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអាចនឹងនាំទៅរកការបិទបញ្ចប់របបដឹកនាំរបស់គ្រួសារគីម ជិត៨ទសវត្សរ៍មកនេះ។ ខាងក្រោមនេះគឺជាសេណារីយ៉ូដែលអាចនឹងកើតឡើង ប្រសិនបើលោក គីម ជុងអ៊ុន សម្រេចចិត្តថា ធ្វើឱ្យការគំរាមវាយប្រហារលើកូរ៉េខាងត្បូង ក្លាយជាការពិត៖

* តើការវាយប្រហារអាចនឹងចាប់ផ្ដើមដោយរបៀបណា?
ត្រឡប់ទៅកាលពីឆ្នាំ១៩៥០ កងទ័ពកូរ៉េខាងជើងបានចូលឈ្លានពានកូរ៉េខាងត្បូង ធ្វើឱ្យសហរដ្ឋអាមេរិកស្រឡាំងកាំង។ កងទ័ពរបស់លោក គីម អ៊ីលស៊ុង ដែលត្រូវជាជីតាបង្កើតរបស់លោក គីម ជុងអ៊ុន បានវាយដណ្ដើមគ្រប់គ្រងទឹកដីមួយផ្នែកធំនៃឧបទ្វីបកូរ៉េ មុននឹងកងទ័ពអាមេរិក និងកូរ៉េខាងត្បូងវាយបកវិញ ហើយអន្តរាគមន៍យោធារបស់ចិនបានធ្វើឱ្យសង្រ្គាមកូរ៉េជាប់គាំង រហូតឈានដល់ សម្រេចបានបទឈប់បាញ់មួយ។ តែមិនមែនជាសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការនោះទេ រីឯកូរ៉េខាងត្បូង និងកូរ៉េខាងជើងត្រូវពុះចែកជា២ មកទល់ឥលូវ។

លោក គីម ជុងអ៊ុន ប្រហែលជាមិនប្រថុយវាយប្រហារកូរ៉េខាងត្បូងដូចជាជីតារបស់លោកទេ។ ប៉ុន្តែ លោកអាចនឹងបើកការវាយប្រហារទ្រង់ទ្រាយតូចតាច ដែលជាតាក់ទិកមួយត្រូវបានឪពុករបស់ លោក គឺលោក គីម ជុងអ៊ីល ធ្លាប់យកទៅប្រើ។ បានន័យថាចំណុចក្ដៅនៃជម្លោះ នោះគឺកោះមួយដែលជាចំណុចវិវាទព្រំដែនទឹករវាងកូរ៉េទាំង២ នៅក្នុងតំបន់សមុទ្រលឿង។ ក្នុងឆ្នាំ២០១០ ២ឆ្នាំ មុនលោក គីម ជុងអ៊ុនឡើងកាន់អំណាច កូរ៉េខាងជើងបានបាញ់កាំភ្លើងធំលើកោះ Yeonpyeong ដោយសម្លាប់ទាហានកូរ៉េខាងត្បូង ២នាក់ និងជនស៊ីវិល២នាក់ រីឯផ្ទះច្រើនខ្នងត្រូវបានបំផ្លាញ។ ៦ខែមុននឹងមាន ការវាយប្រហារនេះ កូរ៉េខាងត្បូងក៏បានចោទប្រកាន់ដែរថាកូរ៉េខាងជើងបានបាញ់ពន្លិចនាវាចម្បាំង Cheonan នៅក្បែរកោះមួយនេះដោយបានសម្លាប់ទាហាន៤៦នាក់។ តែទីក្រុងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់នេះ។ ចាប់តាំងពីពេលនោះមក កូរ៉េខាងត្បូង បានព្រមានថាការវាយប្រហារណាមួយផ្សេងទៀតក្នុងតំបន់សមុទ្រលឿង នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងខ្លាំងពី កងកម្លាំងរបស់ខ្លួន ដែលនេះអាចនឹងបង្កើនហានិភ័យនៃការយល់ច្រឡំរវាងភាគីទាំងសងខាង ផ្ទុះទៅជាជម្លោះភ្លាមៗ។ «ប្រសិនបើកូរ៉េខាងជើងហ៊ានបង្ករឿង យើងនឹងដាក់ទណ្ឌកម្មពួកគេឱ្យសក្តិសម»។ នេះជាការព្រមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីខែមករាកន្លងទៅ ក្រោយកូរ៉េខាងជើងធ្វើសមយុទ្ធបាញ់កាំភ្លើងធំក្បែរព្រំដែនកោះ Yeonpyeong។

* វាយប្រហារលើសេអ៊ូល
ករណីមានជម្លោះ ឬសង្រ្គាមផ្ទុះឡើង តំបន់រដ្ឋធានីសេអ៊ូលដែលមានប្រជាជនជាងពាក់កណ្ដាល នៃប្រជាជនកូរ៉េខាងត្បូងសរុប ៥១លាននាក់ កំពុងរស់នៅ អាចនឹងក្លាយជាគោលដៅចម្បងរបស់ កងទ័ពកូរ៉េខាងជើង។ កូរ៉េខាងជើងបានចាយពេលជាច្រើនឆ្នាំមកហើយ ដើម្បីបង្កើនស្ដុកគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ និងដាក់ពង្រាយកាំភ្លើងធំរាប់ពាន់ដើមនៅតាមទីតាំងស្ថិតនៅភាគខាងជើង នៃតំបន់គ្មានយោធា ក្នុងចម្ងាយ៤០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូលដែលតំណាងឱ្យ៧០ភាគរយនៃសេដ្ឋកិច្ចកូរ៉េខាងត្បូងមានទំហំ ១.៦៧ទ្រីលានដុល្លារ ព្រមទាំងជាមូលដ្ឋាននៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ លំដាប់ពិភពលោករួមមាន Samsung LG និង Kia​ ជាដើម។ ម្លោះហើយបើសង្រ្គាម ឬជម្លោះផ្ទុះឡើងទោះជារយៈពេលខ្លីក៏ដោយ ក៏វាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល និងសេដ្ឋកិច្ចពិភពលោក។ ជាសារកំញើញទៅកាន់កូរ៉េខាងត្បូង លោក គីម ជុងអ៊ុ​ន កាលពីខែមីនាកន្លងទៅបានដឹកនាំការធ្វើសមយុទ្ធបាញ់កាំភ្លើងធំយ៉ាងសម្បើមមួយដែលអាចនឹងត្រូវបានប្រើប្រាស់ វាយប្រហារលើទីក្រុងសេអ៊ូល ក្នុងករណីផ្ទុះសង្រ្គាម។ ការវាយប្រហារដោយកាំភ្លើងធំទ្រង់ទ្រាយធំត្រឹមតែរយៈពេល១នាទី លើរដ្ឋធានីសេអ៊ូលអាចនឹងបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជិត ១៥ ០០០នាក់ ហើយក្នុងរយៈពេល១ម៉ោងវិញ អាចនឹងធ្វើឱ្យមនុស្ស ១០០ ០០០នាក់ ឬច្រើនជាងនេះស្លាប់ និងរបួស។ នេះបើតាមការវិភាគមួយកាលពីឆ្នាំ២០២០ ដោយវិទ្យាស្ថាន RAND មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។ បើសេណារីយ៉ូនេះពិតជាកើតឡើងមែន សង្រ្គាមទ្រង់ទ្រាយធំប្រហែលជាមិនអាចចៀសផុតនោះទេ។

* សង្គ្រាមទ្រង់ទ្រាយធំ
ប្រសិនបើលោក គី​ម ជុងអ៊ុន សម្រេចធ្វើសង្រ្គាមទ្រង់ទ្រាយធំមួយ លោកអាចនឹងបញ្ជាឱ្យកងទ័ពរបស់លោកបាញ់កាំភ្លើងធំយ៉ាងសម្បើមអស្ចារ្យលើមូលដ្ឋានយោធា នយោបាយ និងសេដ្ឋកិច្ចសំខាន់ៗ នៅសេអ៊ូល។ កូរ៉េខាងជើងបានដាក់ពង្រាយកាំភ្លើងធំ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតរួចជាស្រេចដើម្បីបាញ់ចេញ នៅពេលមានបញ្ជាពីលោក គីម។ ទន្ទឹមគ្នានេះដែរ កូរ៉េខាងជើងត្រូវបានគេវាយតម្លៃថា មានកងកុម៉្មង់ដូរពិសេស ២០០ ០០០នាក់ ក្នុងចំណោមកងទ័ពសរុបជាង ១.១លាននាក់ដែលអាចនឹងព្យាយាមវាយលុកឆ្លងព្រំដែនចូលកូរ៉េខាងត្បូង តាមផ្លូវគោក ទឹក និងអាកាស ឬអាចតាម ផ្លូវរូងក្រោមដី។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង។ គោលដៅចម្បងមួយនៃការវាយលុកនេះគឺកាត់ផ្ដាច់ស្ពានឆ្លងទន្លេ Han ដែលហូរកាត់សេអ៊ូល ដើម្បីកាត់ផ្ដាច់រដ្ឋធានីមួយនេះជា ២ចំណែក និងបង្កការលំបាកដល់ប្រជាជនរាប់លាននាក់ក្នុងការរត់ភៀសខ្លួនទៅកាន់ទីក្រុងប៊ូសាន ស្ថិតនៅភាគខាងត្បូងបំផុតនៃឧបទ្វីបកូរ៉េ។ បន្ថែមពីលើនេះ លោក គីម ក៏អាចប្រើជម្រើសបង្កការខូចខាតធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការវិភាគពីសេណារីយ៉ូសង្រ្គាមរបស់វិទ្យាស្ថាន Rand បាន​និយាយថាការវាយប្រហារដោយកាំភ្លើងធំរបស់កូរ៉េខាងជើង ក្នុងរយៈពេល ៥នាទី លើរោងចក្រមួយរបស់ក្រុមហ៊ុន LG ក្នុងទីក្រុង Paju ស្ថិតនៅភាគខាងជើងទីក្រុងសេអ៊ូល អាចនឹងបង្កការខាតបង់សេដ្ឋកិច្ច ៨.៩ពាន់លានដុល្លារ និងបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួស។

ប៉ុន្តែ ការយកប្រៀបរបស់កូរ៉េខាងជើង ក្នុងការវាយប្រហារមុននឹងមិនមានពេលយូរឡើយ។ កូរ៉េខាងត្បូងក៏បានត្រៀមខ្លួនប្រយុទ្ធដែរ ជាមួយការដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot មាន កងទ័ពសកម្ម ៥៥៥ ០០០នាក់ និងមានកញ្ចប់ថវិកាយោធាច្រើនជាងកូរ៉េខាងជើងដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ ចូរកុំភ្លេចថាកងទ័ពអាមេរិក ២៨ ៥០០នាក់ក៏កំពុងឈរជើងនៅ លើទឹកដីកូរ៉េខាងត្បូងផងដែរ គួបផ្សំជាមួយផ្កាយរណបស៊ើបការណ៍អាមេរិកតាមដានសកម្មភាពលើឧបទ្វីបកូរ៉េ។ ម្យ៉ាងទៀត វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាពីយុទ្ធសាស្ត្រ បានឱ្យដឹងនៅក្នុង របាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០២៣ថា ទោះជាកូរ៉េខាងជើងមានប្រៀបខាងចំនួនកងទ័ពក៏ដោយ តែពួកគេនៅតែពឹងផ្អែកលើអាវុធចាស់សល់ពីសូវៀតនៅឡើយ។ ក្នុងនោះមានដូចជា យន្ដហោះចម្បាំងសម័យសូវៀត និងយន្ដហោះប្រើម៉ាស៊ីនមួយ AN-2 biplane ផលិតតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ និងអាចហោះបានក្នុងល្បឿនអតិបរមា ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលក្នុងល្បឿន ប៉ុណ្ណឹង កូរ៉េខាងត្បូងងាយនឹងបាញ់ទម្លាក់ដោយប្រើមីស៊ីលបាញ់ពីដីទៅអាកាស ឬយន្ដហោះចម្បាំង F-35 ដែលហោះក្នុងល្បឿនដល់ទៅ ១,២០០ ម៉ាយ៍ក្នុងមួយម៉ោង ឬស្មើជាង ១៩៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ត្រង់ចំណុចនេះ លោក Michael Mazarr បានបញ្ជាក់ថានៅក្នុងសង្រ្គាម សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងមានឧត្តមភាពដែនអាកាសលើសពីការស្មាន ហើយឧត្តមភាពបែបនេះ ក៏មានដូចគ្នាចំពោះអាវុធផ្សេងទៀតរបស់សម្ព័ន្ធមិត្តទាំង២ដែរ៖ នោះគឺ នាវាមុជទឹករបស់កូរ៉េខាងជើងភាគច្រើនជាប្រភេទនាវាមុជទឹកមិនអាចធ្វើប្រតិបត្តិការឆ្ងាយពីដែនទឹករបស់ខ្លួនឡើយ ព្រោះវា ងាយនឹងចាប់សញ្ញាបាន។ និយាយពីរថក្រោះវិញ កូរ៉េខាងជើងមានរថក្រោះសល់ពីសូវៀតដែលងាយនឹងបាញ់កម្ទេចដោយប្រើមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលអ៊ុយក្រែនកំពុងប្រើដើម្បីកម្ទេច រថក្រោះរុស្ស៉ី។ ដោយឡែក គោលដៅដែលកូរ៉េខាងត្បូងមិនទាន់វាយប្រហារនៅជំហានដំបូង អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារនៅជំហានបន្ទាប់ ដែលនឹងបន្សល់ទុកការបំផ្លិចបំផ្លាញនៅ តាមទីក្រុងជាច្រើនរបស់កូរ៉េខាងជើង ដូចអ្វីដែលបានកើតឡើងក្នុងសង្រ្គាមកូរ៉េ។ នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអាមេរិក បានព្យាករថាកម្សោយនៃការផ្គត់ផ្គង់ប្រេង ការដឹកជញ្ជូន និងទូរគមនាគន៍ នឹងធ្វើឱ្យកូរ៉េខាងជើងត្រូវជួបផលលំបាកយ៉ាងខ្លាំងនៅក្នុងសង្រ្គាមប្រើអាវុធទូទៅធម្មតា។

* វាយប្រហារបង្ការទុកជាមុន
សេណារីយ៉ូវាយប្រហារបង្ការទុកជាមុន គឺជាជម្រើសត្រូវបានលើកយកទៅពិភាក្សាអំឡុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ សេណារីយ៉ូនេះអាចនឹងត្រូវយកដាក់លើតុពិភាក្សា នៅពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជឿជាក់ថាការវាយប្រហាររបស់កូរ៉េខាងជើង គឺនៅចំពោះមុខ ឬបន្ទាន់។ ការវាយប្រហារបង្ការនេះមានគោលដៅបង្ហាញសាច់ដុំ និងរំឮកលោក គីម ថាយោធា របស់លោកមិនមែនជាដៃគូរបស់សហរដ្ឋអាមេរិកទេ។ ប៉ុន្តែ ចំណាត់ការបែបនេះងាយនឹងផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំ ក្នុងបរិបទដែលកូរ៉េខាងជើងផលិតបានមីស៊ីលបាលិស្ទីគប្រើឥន្ធនៈរឹងដែល លោក គីម អះអាងថាអាចបាញ់ចេញភ្លាមៗដោយមិនឱ្យសត្រូវដឹងខ្លួនមុន។ ក្នុងករណីនេះ បើលោក គីម ជុងអ៊ុនគិតខុស ឬយល់ច្រឡំថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានបំណងកម្ទេចរបបដឹកនាំ របស់លោក ជាជាងបញ្ជូនសារកំញើញ នោះលោកអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារបង្ការទុកមុន។ នេះបើតាមលោកស្រី Duyeon Kim ជាអ្នកវិភាគម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ សន្តិសុខអាមេរិកថ្មី (Center for a New American Security)។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានវាយតម្លៃកាលពីឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ តែក្នុងករណីដែលមានការគំរាមកំហែងដល់អាយុជីវិតរបស់លោក និងរបបដឹកនាំរបស់លោកតែប៉ុណ្ណោះ។ ដោយឡែក បើការវាយប្រហាររបស់កូរ៉េខាងជើងមើលទៅមានភាគរយខ្ពស់អាចនឹងកើតឡើង កូរ៉េខាងត្បូងអាចនឹងដាក់ពង្រាយមីស៊ីលកម្ទេចលេណដ្ឋាន និងកងយន្ដហោះចម្បាំងនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ រីឯយន្ដហោះទម្លាក់គ្រាប់បែកអាមេរិកនៅកោះហ្កាំ និងនាវាចម្បាំង រួមទាំងយន្ដហោះចម្បាំងនៅក្នុងប្រទេសជប៉ុន ក៏អាចនឹងត្រូវបញ្ជូនឱ្យទៅ ជួយកូរ៉េខាងត្បូងផងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង អាចប្រើប្រាស់ឧត្តមភាពដែនអាកាស ដើម្បីវាយប្រហារលើទីបញ្ជាការយោធា ឃ្លាំងស្ដុកអាវុធ ប្រព័ន្ធទម្របាញ់មីស៊ីល ឬរ៉ក្កែត រ៉ាដា លេណដ្ឋាន មីស៊ីលក្រោមដី និងឃ្លាំងស្ដុកនុយក្លេអ៊ែរ ក្នុងគោលបំណងបំផ្លាញបរិក្ខារយោធាកូរ៉េខាងជើងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

* ធ្វើឃាតលោក គីម ជុងអ៊ុន
ក្នុងបញ្ជីគោលដៅរបស់កូរ៉េខាងត្បូង ក៏មានលោក គីម ជុងអ៊ុនផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ហាក់ដូចជាមិនបានលាក់បាំងពីការពិភាក្សាលើផែនមួយហៅថា Three Axis ក្នុងនោះរួមមានការវាយប្រហារបង្ការទុកមុន ការវាយប្រហារទ្រង់ទ្រាយធំ និងការធ្វើឃាតលោក គីម ជុងអ៊ុន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានថ្កោលទោស និងចោទថាកូរ៉េខាងត្បូងបានបង្កើត អង្គភាពមួយដែលទទួលបន្ទុកធ្វើឃាតលោក គីម។ ប៉ុន្តែបញ្ហាធំនៃផែនការកំណត់គោលដៅលើលោក គីម នោះគឺអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងត្រូវបានគេជឿជាក់ថាមានក្បាលគ្រាប់នុយក្លេអ៊ែរពី៤០ ដល់៩០គ្រាប់។ តាមវិទ្យាស្ថានកូរ៉េសម្រាប់ការវិភាគវិស័យការពារជាតិមានមូលដ្ឋានក្នុងទីក្រុងសេអ៊ូល លោក គីម ជុងអ៊ុនមានបំណងផលិតក្បាលគ្រាប់នុយក្លេអ៊ែរឱ្យបានចន្លោះពី១០០ ដល់៣០០គ្រាប់នៅពេលអនាគត។

វិទ្យាស្ថាន Rand វិញបានវាយតម្លៃថាការវាយប្រហារលើសេអ៊ូល ដោយប្រើគ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលណាមួយរបស់កូរ៉េខាងជើងអាចនឹងបណ្ដាលឱ្យមនុស្ស ៤០០ ០០០នាក់ស្លាប់ភ្លាមៗ និង១.៥លាននាក់ស្លាប់ និងរបួសនៅពេលក្រោយ។ កូរ៉េខាងជើងត្រូវបានអ្នកជំនាញខ្លះជឿដែរថាអាចវាយប្រហារប្រឆាំងសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាជប៉ុន មូលដ្ឋានអាមេរិក នៅលើកោះហ្កាំ ឬក៏ទឹកដីអាមេរិកផ្ទាល់តែម្ដង ក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងក៏កំពុងព្យាយាមអភិវឌ្ឍអាវុធនុយក្លេអ៊ែរតាក់ទិកផងដែរ។ ប៉ុន្តែ កូរ៉េខាងជើង ឬលោក គីម ជុងអ៊ុន នឹងមិនអាចរួចខ្លួនពីអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកនោះទេ បើហ៊ានប្រើអាវុធនុយក្លេអ៊ែរ ដែលនេះនឹងធ្វើឱ្យលោក គីម ត្រូវគិត២ ទៅ៣ដងដែរមុននឹងចុចប៊ូតង់នុយក្លេអ៊ែរ។ របាយការណ៍ចុងក្រោយបំផុតមួយរបស់ទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់អាមេរិក បាននិយាយថាចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ លោក គីម ជុងអ៊ុននឹងបន្តអនុវត្តតាមយុទ្ធសាស្ត្រសម្លុតគំរាម ក្នុងនោះរួមមានទាំងការវាយប្រហារមិនមែននុយក្លេអ៊ែរ ដើម្បី ទាញយកសម្បទាន និងពង្រឹងទំនុកចិត្តលើសមត្ថភាពយោធានៃរបបដឹកនាំលោក គីម ក្នុងចំណោមប្រជាជនកូរ៉េខាងជើង។

យ៉ាងណាក៏ដោយ អ្នកជំនាញដូចជាលោក Daniel Pinkston ជាអ្នកសាស្ត្រាចារ្យម្នាក់ខាងទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Troy ក្នុងទីក្រុងសេអ៊ូល យល់ថាប្រសិនបើលោក គីម ពិតជា ត្រៀមលក្ខណៈសម្រាប់សង្រ្គាមពិតមែន ម្ល៉េះលោកប្រហែលជាវាយប្រហារលើកូរ៉េខាងត្បូងបាត់ទៅហើយ។ តាមលោក Pinkston នេះមានន័យថាកូរ៉េខាងជើងត្រូវបានកំញើញពីការធ្វើដូច្នេះ ហើយ លោក គីម ជុងអ៊ុន កំពុងរង់ចាំរហូតដល់សណ្ដាប់ធ្នាប់ពិភពលោកគ្រប់គ្រងដោយលោកខាងលិច និងប្រព័ន្ធសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីបូព៌ា ដួលរលំជាមុនសិន បើពុំដូច្នោះទេលោក Pinkston មើលមិនឃើញឡើយពីទ្រឹស្ដីនៃជ័យជម្នះសម្រាប់កូរ៉េខាងជើង៕