(ញូវដេលី)៖ មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះនៅរោងចក្រគីមីមួយក្នុងរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌានៅថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៣ ខែមេសា​ ឆ្នាំ២០២៤។

មន្ត្រីប៉ូលីស លោក CH Rupesh បាននិយាយថា «យើងបានបញ្ជូនក្រុមជួយសង្គ្រោះដែលមានសមាជិក ៤០ នាក់នៅនឹងកន្លែង ហើយអ្នកជាប់នៅក្នុងនោះទាំងអស់ត្រូវបានជួយសង្គ្រោះហើយ»។

លោក​បាន​បន្ថែម​ថា រោងចក្រ​នេះ​ជា​របស់​ក្រុមហ៊ុន​ឱសថ SB Organics ហើយ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ម្នាក់ ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ។

ទោះជាយ៉ាងណា ភ្លាមៗនេះទីភ្នាក់ងារ Reuters មិនអាចទាក់ទងនឹងក្រុមហ៊ុនដើម្បីសុំការអត្ថាធិប្បាយបានទេ៕