(គែរ)៖ ប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី ៣ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្នុងរដ្ឋធានីគែរ ដោយការណ៍នេះបានក្លាយជានិមិត្តរូប នៃការគ្រប់គ្រងរបស់លោក ខណៈព្យាយាមពង្រឹង ហិរញ្ញវត្ថុរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ ២០២៤។

ថ្លែងនៅឯអគាររដ្ឋសភាជាតិ លោក Sisi បានរំលេចនូវបញ្ហាប្រឈមដែលអេហ្ស៉ីបស៊ូទ្រាំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈសន្យាបន្តការអភិវឌ្ឍ ដែលប្រជាជនអេហ្ស៉ីបជាច្រើននិយាយថា ពួកគេមានអារម្មណ៍ថាត្រូវបានមើលរំលង។ លោក Sisi ថានឹងបង្កើនការចំណាយលើកម្មវិធីដែលផ្តោតលើជនក្រីក្រ ដោយមានការចូលរួមពីវិស័យឯកជនស្របតាមការប្តេជ្ញាចិត្ត ក្នុងការធានាដល់កិច្ចព្រមព្រៀងទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមុន។

លោក Sisi បានប្រាប់សមាជិកសភា មន្រ្តីរដ្ឋាភិបាល មន្រ្តីយោធា និងក្រុមសាសនា យ៉ាងដូច្នេះថា «ប៉ុន្មានឆ្នាំកន្លងមកបង្ហាញថា ផ្លូវនៃការកសាងប្រទេសជាតិ មិនត្រូវបានត្រួសត្រាយដោយផ្លែផ្កានោះទេ រវាងការប៉ុនប៉ងពីសំណាក់ភេរវករក្នុងស្រុក វិបត្តិសកលនៅឯបរទេស និងសង្រ្គាមដ៏កាចសាហាវនៅជុំវិញយើង»។

គួរបញ្ជាក់ថា ចាប់តាំងពី លោក Sisi ឡើងកាន់តំណែងកាលពីឆ្នាំ ២០១៤ អេហ្ស៉ីបបានចាប់ផ្តើមដំណើរការហេដ្ឋារចនាសម្ព័ន្ធ ដឹកនាំដោយយោធាដែលលោកនិយាយថា វាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសម្រាប់ប្រជាជន។ អាណត្តិទី ៣របស់លោក Sisi នឹងមានសុពលភាពដល់ឆ្នាំ ២០៣០ បន្ទាប់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្តអាណត្តិប្រធានាធិបតីដល់ ៦ឆ្នាំ និងអនុញ្ញាតឱ្យលោកឈរឈ្មោះសម្រាប់ការបោះឆ្នោត ៣លើក៕