(​យូអិន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២ ខែមេសា បានព្រមានអ៉ីរ៉ង់កុំឱ្យបើកវាយប្រហារសងសឹកប្រឆាំងនឹងខ្លួន ជុំវិញការវាយប្រហារលើបរិវេណ ស្ថានទូតអ៉ីរ៉ង់ប្រចាំប្រទេសស៊ីរី ជាមួយការបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថាមិនបានដឹងមុនពីការវាយប្រហារដែលទីក្រុងតេហេរ៉ង់ ចោទប្រកាន់ថាជា ស្នាដៃអ៉ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវាយប្រហារតាមផ្លូវអាកាសលើអគារស្ថានកុងស៊ុលមួយស្ថិតក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់ ប្រចាំរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ៉ីរ៉ង់២រូប និងទីប្រឹក្សាយោធា៥នាក់ ហើយនេះជាការបាត់បង់ដ៏ធំរបស់អ៉ីរ៉ង់នៅស៊ីរី ជាទីដែលអ៉ីស្រាលអែលតែងតែត្រូវបានរាយការណ៍ថាបានដឹកនាំ យុទ្ធនាការនាប្រឆាំងអ៉ីរ៉ង់ជាយូរមកហើយ។

នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំ UN លោក Robert Wood បានគូសបញ្ជាក់ថាសហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរ ឡើយក្នុងការការពារកងកម្លាំងរបស់ខ្លួន ហើយព្រមានជាថ្មីទៅកាន់អ៉ីរ៉ង់ និងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់កុំឱ្យកេងយកប្រយោជន៍ ពីស្ថានការណ៍បច្ចុប្បន្ន ដើម្បីវាយប្រហារលើកងកម្លាំងអាមេរិក។ ការលើកឡើងរបស់លោក Robert Wood ធ្វើឡើងបន្ទាប់ពីអ៉ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាខ្លួនរក្សាសិទ្ធិដើម្បី ចាត់វិធានការសងសឹក និងបានចោទប្រកាន់អ៉ីស្រាអែលថាបានបំពានលើធម្មនុញ្ញ UN ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញានានាស្ដីពីការទូត។

គួរបញ្ជាក់ថា ការវាយប្រហារពីសំណាក់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ លើកងទ័ពអាមេរិកក្នុងប្រទេសស៊ីរី និងអីរ៉ាក់បានផ្អាកកាលពីខែកុម្ភៈមក បន្ទាប់ពី សហរដ្ឋអាមេរិក បានបើកការវាយប្រហារសងសឹកជាបន្តបន្ទាប់លើចលនាប្រដាប់អាវុធគាំទ្រដោយតេហេរ៉ង់ នៅស៊ីរី និងអ៉ីរ៉ាក់ ដើម្បីសងសឹងឱ្យទាហានអាមេរិក ៣នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្ដហោះដ្រូននៅប្រទេសហ្ស៊កដានី៕