(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី៣ ខែមេសានេះ បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម ប្រើឥន្ធនៈរឹងស៊េរីថ្មីមួយប្រកបដោយជោគជ័យ ក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងបានរាយការណ៍ថាទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យមមួយគ្រាប់ ចូលសមុទ្រខាងកើត កាលពីថ្ងៃអង្គារ ទី២ ខែមេសា ដោយបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ តាម KCNA លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងអភិវឌ្ឍបាននូវអាវុធយុទ្ធសាស្ត្រដ៏មានថាមពលមួយផ្សេងទៀត និងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការអភិវឌ្ឍមីស៊ីលប្រើឥន្ធនៈរឹងបាញ់ ដែលអាចបានរយៈចម្ងាយ ជាច្រើនប្រភេទ និងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

ការធ្វើតេស្ដបាញ់មីស៊ីលកាលពីថ្ងៃអង្គារនេះទៀតសោត ធ្វើឡើងក្រោយកូរ៉េខាងជើងបានធ្វើតេស្ដលើម៉ាស៊ីនឥន្ធនៈរឹងមួយសម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម កាលពីចុងខែមីនាកន្លងទៅ។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដខាងលើ ហោះបានចម្ងាយ ៦០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលដែនទឹកស្ថិតនៅចន្លោះរវាងកូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាមីស៊ីលនេះហោះបានចម្ងាយ ១០០០គីឡូម៉ែត្រ៕