(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន​ បានព្យាយាមស្វែងរកការគ្រប់គ្រងភាពតានតឹងជុំវិញបញ្ហាសមុទ្រចិនខាងត្បូង និងការស្បថចូលកាន់តំណែងរបស់ មេដឹកនាំថ្មីកោះតៃវ៉ាន់ នៅខែឧសភាខាងមុខ ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ ទី២ ខែមេសា ដែលនេះជាកិច្ចសន្ទនា ដោយផ្ទាល់លើកដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីជំនួបកាលពីខែវិច្ឆិកា ឆ្នាំមុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាលោក បៃដិនបានប្រើប្រាស់កិច្ចសន្ទនាតាមទូរស័ព្ទ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងនីតិរដ្ឋ រួមទាំងសេរីភាពនៃការធ្វើនាវាចរនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួវិញ លោក ស៊ី ជីនពីង បានលើកឡើងដែរថាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក កំពុងចាប់ផ្ដើមមានស្ថិរភាព ប៉ុន្តែបានព្រមានពីលទ្ធភាពដែលប្រទេសទាំង២អាចនឹងធ្លាក់ចូលក្នុង ជម្លោះ ឬការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា ភ្លាមៗក្រោយការប្រកាសពីកិច្ចសន្ទនារវាងលោក បៃដិន និងលោក ស៊ី ជីនពីង អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅប៉ុន្មានសប្ដាហ៍ខាងមុខ បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងទីក្រុង ប៉េកាំង របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ក្នុងសប្ដាហ៍នេះ។

កិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលជិត២ម៉ោង រវាងលោក បៃដិន និងលោក ស៊ី ជីនពីង កើតមានឡើង នៅមុនលោក ចូ បៃដិន បើកកិច្ចប្រជុំត្រីភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos នៅសប្ដាហ៍ក្រោយ៕