(វ៉ាស៊ីនតោន)៖ ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល លើអគារស្ថានកុងស៊ុល ស្ថិតនៅក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់ ប្រចាំរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា បានសម្លាប់ មេបញ្ជាការជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ ដែលនេះបានធ្វើឱ្យ «សង្រ្គាមស្រមោល» រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ឈានចូលក្នុងដំណាក់កាលថ្មីមួយដ៏គ្រោះថ្នាក់។ រដ្ឋាភិបាលអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ខណៈ បើតាមកាសែតអាមេរិក New York Times មន្ត្រីអ៉ីស្រាអែល៤នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានទទួលស្គាល់ថាអ៉ីស្រាអែលពិតជាអ្នកនៅពីក្រោយ ការវាយប្រហារក្នុងទីក្រុងដាម៉ាសមែន តែបានបដិសេធថាអគារដែលរងការវាយប្រហារនោះជាអគារការទូត។

ការវាយប្រហារនេះដែរ គឺជាយុទ្ធនាការចុងក្រោយបំផុតមួយរបស់យោធាអ៉ីស្រាអែល ក្នុងការតាមកម្ទេចមេបញ្ជាការកំពូលៗរបស់អ៉ីរ៉ង់ រួមទាំងថ្នាក់ដឹកនាំចលនាប្រដាប់អាវុធគាំទ្រដោយទីក្រុងតេហេរ៉ង់ ក្នុងនោះរួមមានក្រុម Hezbollah នៅលីបង់ និងក្រុមហាម៉ាសនៅហ្កាហ្សា។ ក៏ប៉ុន្តែ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលនៅលើកនេះ មានលក្ខណៈខុសប្លែកពីលើកមុនៗ ក្រោមហេតុផល២យ៉ាង ហើយដែលហេតុផលទាំង២នេះសុទ្ធតែអាចនាំទៅរកអំពើហិង្សា និងការបង្ហូរឈាមនៅទូទាំងតំបន់មជ្ឈិមបូព៌ា មិនថាជាការសងសឹកដោយផ្ទាល់ពីអ៉ីរ៉ង់ ឬក៏ការសងសឹកតាមរយៈកងកម្លាំងតួអង្គតំណាង ឬ proxy របស់អ៉ីរ៉ង់នោះឡើយ។ ហេតុផលទី១៖ នោះគឺនរណាដែលត្រូវបានសម្លាប់? តាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង (IRGC) ឧត្តមសេនីយ៍ត្រី លោក Mohammad Reza Zahedi ដែលជាមេបញ្ជាការដឹកនាំប្រតិបត្តិការយោធាសម្ងាត់របស់អ៉ីរ៉ង់ក្នុងប្រទេសស៊ីរី និងលីបង់ រួមទាំងឧត្តមសេនីយ៍២រូបទៀត និងមន្ត្រី៤នាក់ ក្នុងជួរកងកម្លាំង Quds ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសធ្វើឡើងដោយអ៉ីស្រាអែល។

ការស្លាប់របស់លោក Zahedi ជាការបាត់បង់ដ៏ធំមួយទៀត សម្រាប់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ចាប់តាំងពីការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក កាលពីដើមឆ្នាំ២០២០ បានសម្លាប់ឧត្តមសេនីយ៍អ៉ីរ៉ង់ លោក Qassem Suleimani ជាមេដឹកនាំកងកម្លាំង Quds ដែលទទួលបន្ទុកប្រតិបត្តិការយោធា និងស៊ើបការណ៍សម្ងាត់នៅក្រៅប្រទេស។ លោក Zahedi ក៏ជាមន្ត្រីអ៉ីរ៉ង់ជាន់ខ្ពស់បំផុតម្នាក់ដែលត្រូវបាន អ៉ីស្រាអែលសម្លាប់ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក ផងដែរ។ «Zahedi គឺជាមនុស្សដ៏មានអំណាចម្នាក់។ លោកដឹកនាំគ្រប់កិច្ចការដែល IRGC និងកងកម្លាំង Quds បាន និងកំពុងធ្វើនៅក្នុងប្រទេសស៊ីរី និងលីបង់»។ នេះជាការបញ្ជាក់របស់លោក Charles Lister ជាអ្នកជំនាញនយោបាយម្នាក់មកពីវិទ្យាស្ថានមជ្ឈិមបូព៌ា (Middle East Institute)។ កិច្ចការរបស់លោក Zahedi រួមមានទាំងការបញ្ជូនអាវុធឱ្យក្រុម Hezbollah ដែលបច្ចុប្បន្នបានក្លាយជាកងកម្លាំងប្រដាប់អាវុធមួយដ៏មានឥទ្ធិពលក្នុងតំបន់មជ្ឈិមបូព៌ា។

ហេតុផលទី២៖ តើការវាយប្រហារតាមផ្លូវអាកាសកើតឡើងនៅទីណា? ក្រុមមន្រ្តីអ៉ីរ៉ង់ និងស៊ីរី បានចង្អុលមុខអ៉ីស្រាអែលថាជាអ្នកវាយប្រហារតាមផ្លូវអាកាស ដែលមានគោលដៅលើអគារស្ថានកុងស៊ុលមួយ ស្ថិតក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់ ប្រចាំរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។ ក្រុមអ្នកវិភាគខ្លះបាននិយាយថា អគារដែលរងការវាយប្រហារនោះត្រូវបានប្រើប្រាស់ជាទីបញ្ជាការមួយសម្រាប់ប្រតិបត្តិការរបស់ IRGC ក្នុងប្រទេសស៊ីរី ជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អ៉ីរ៉ង់នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad។ ការវាយប្រហារណាមួយលើស្ថានទូត ឬក៏អគារក្នុងបរិវេណស្ថានទូត គឺងាយនឹងឆាបឆេះ ទៅជាជម្លោះ។ នេះបើតាមលោកស្រី Dalia Dassa Kaye ជាអ្នកជំនាញម្នាក់ខាងកិច្ចការតំបន់មជ្ឈិមបូព៌ា មកពីមជ្ឈមណ្ឌល Burkle Center for International Relations នៃសាកលវិទ្យាល័យ California ក្នុងទីក្រុង Los Angeles។ លោកស្រីបន្ថែមថា «អគារស្ថានទូតប្រៀបដូចដែនអធិបតេយ្យនៃរដ្ឋ ឬប្រទេសមួយ។ ដូច្នេះការវាយប្រហារណាមួយលើអគារ ឬបរិវេណស្ថានទូតអាចនឹងត្រូវបានចាត់ទុកថាជា ការវាយប្រហារដោយផ្ទាល់លើប្រទេសមួយដូច្នោះដែរ»។

បើតាមលោក Lister វិញ សម្រាប់អ៉ីរ៉ង់ វាមិនមែនត្រឹមតែជាការបាត់បង់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៅក្នុងតំបន់ប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏ជាការវាយប្រហារដោយផ្ទាល់លើអធិបតេយ្យ របស់ខ្លួនផងដែរ ហើយដែល នេះអាចនឹងតម្រូវឱ្យអ៉ីរ៉ង់ចាំបាច់ត្រូវតែចាត់វិធានការសងសឹក។ នេះមិនមែនជាព័ត៌មានល្អទេ សម្រាប់តំបន់មជ្ឈិមបូព៌ាទាំងមូល ដែលកំពុងប្រឈមមុខនឹងមាត់ជ្រោះនៃសង្រ្គាម ដោយសារតែសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ដូចដែលរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ាក់ លោក Fuad Hussein បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងធ្វើទស្សនកិច្ច ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុនដូច្នេះថា «តំបន់ទាំងមូលកំពុងស្ថិតក្រោមគ្រោះថ្នាក់ ហើយអ្វីៗគ្រប់យ៉ាងសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងអ្វីដែលបាន និងកំពុងកើតឡើងនៅហ្កាហ្សា។ នេះពិតជារឿងដ៏គ្រោះថ្នាក់បំផុត»។

អ៉ីរ៉ង់បានចោទប្រកាន់ និងថ្កោលទោសភ្លាមៗចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ហើយថែមទាំងបានសន្យាទៀតផងថានឹងធ្វើការសងសឹកវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanani បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «អ៉ីរ៉ង់រក្សាសិទ្ធិចាត់វិធានការឆ្លើយតប ហើយនឹងសម្រេចចិត្តលើប្រភេទនៃការឆ្លើយតប ដើម្បីដាក់ទោសលើពួកឈ្លានពាន»។ ផ្អែកលើសកម្មភាព របស់អ៉ីរ៉ង់កន្លងមក ជម្រើសនៃការសងសឹក ក្នុងនោះអាចមានសកម្មភាពដែលរុញឱ្យអ៉ីស្រាអែល និងអ៉ីរ៉ង់ខិតទៅជិតសង្រ្គាមដោយផ្ទាល់ តួយ៉ាងដូចជាការបាញ់មីស៊ីលពីអ៉ីរ៉ង់ដោយផ្ទាល់លើអ៉ីស្រាអែល ឬការវាយប្រហារដោយប្រយោលលើមូលដ្ឋានស៊ើបការណ៍សម្ងាត់របស់អ៉ីស្រាអែលក្នុងប្រទេសអ៉ីរ៉ាក់ ឬក៏បង្កើនការវាយប្រហារកាន់តែញឹកញាប់ជាងមុនពីសំណាក់កងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ប្រឆាំងនឹងអ៉ីស្រាអែល។

កាន់តែព្រួយបារម្ភជាងនេះទៅទៀត នោះគឺអ៉ីរ៉ង់អាចនឹងបើកភ្លើងបៃតងឱ្យចលនាប្រដាប់អាវុធជាតួអង្គតំណាងរបស់ខ្លួន ឬ proxy នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី បើកការវាយប្រហារឡើងវិញលើកងទ័ពអាមេរិក ឬទ្រព្យសម្បតិ្តយោធាអាមេរិក ក្នុងប្រទេសទាំង២នេះ។ ការវាយប្រហាររបៀបនេះត្រូវបានផ្អាកចាប់តាំងពីដើមខែកុម្ភៈកន្លងទៅ បន្ទាប់ពីសហរដ្ឋអាមេរិកដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ លើ ក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។ ត្រង់ចំណុចនេះ លោក Lister បានព្រមានថាការវាយប្រហារលើកងទ័ពអាមេរិកអាចនឹងកើតឡើងជាថ្មី។ ដ្បិតជាទម្លាប់ ការសងសឹករបស់អ៉ីរ៉ង់ចំពោះការវាយប្រហារតាមផ្លូវ អាកាសរបស់អ៉ីស្រាអែល គឺមិនដែលវាយប្រហារដោយផ្ទាល់លើអ៉ីស្រាអែលនោះទេ តែតែងតែវាយប្រហារជានិច្ចលើកងទ័ព ឬមូលដ្ឋានទ័ពអាមេរិក ពីព្រោះថាអ៉ីរ៉ង់ចាត់ទុកអ៉ីស្រាអែល និងអាមេរិកគឺតែមួយ។ ចំណែក សេណារីយ៉ូកាន់តែគ្រោះថ្នាក់មួយទៀត នោះគឺការសងសឹករបស់អ៉ីរ៉ង់អាចនឹងរាលដាលទៅជាសង្រ្គាមទាំងស្រុងរវាងអ៉ីស្រាអែល និងក្រុម Hezbollah នៅលីបង់។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុម Hezbollah នៅតាមបណ្ដោយព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ មិនទាន់ទទួលបានជោគជ័យ ឡើយ ខណៈតំបន់ព្រំដែនភាគខាងត្បូងនេះបានក្លាយជាចំណុចក្ដៅរួចស្រេចទៅហើយ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស។ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង អ៉ីស្រាអែល និងក្រុម Hezbollah បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក ហើយបើតាមលោកស្រី Kaye ខណៈភាគីទាំងសងខាងមិនមានបំណងធ្វើសង្រ្គាមទ្រង់ទ្រាយធំនឹងគ្នាក៏ដោយ តែហានិភ័យផ្ទុះសង្រ្គាមនៅតែមានជានិច្ច ដរាបណា ការសងសឹកដាក់គ្នានៅតែមាន៕