(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសារភាពនៅថ្ងៃអង្គារ (ទី ២ ខែមេសា) ថា កងកម្លាំងប្រដាប់អាវុធរបស់លោក ពិតជាបានសម្លាប់បុគ្គលិកជំនួយចំនួន ៧ នាក់មែន នៅក្នុងការវាយប្រហារតាមអាកាស នៅតំបន់ហ្គាហ្សា​ ប៉ុន្តែធ្វើឡើងដោយអចេតនា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

លោក Netanyahu បាននិយាយថា «ជាអកុសលនៅថ្ងៃចុងក្រោយ សោកនាដកម្មមួយបានកើតឡើងនៅពេលដែលកងកម្លាំងរបស់យើង បានវាយប្រហារដោយអចេតនា ទៅលើប្រជាជនស្លូតត្រង់នៅតំបន់ហ្គាហ្សាស្ទ្រីប»។ លោកបានបន្ថែមថា «វាកើតឡើងនៅក្នុងសង្រ្គាម ហើយយើងនឹងស៊ើបអង្កេតវាដល់ទីបញ្ចប់... យើងកំពុងទាក់ទងជាមួយរដ្ឋាភិបាល ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឱ្យរឿងនេះកើតឡើងម្តងទៀត»

ជនរងគ្រោះទាំង ៧ នាក់ធ្វើការឱ្យអង្គការ Global Central Kitchen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបាននិងកំពុងផ្តល់ជំនួយស្បៀងអាហារតាមសមុទ្រ ពីប្រទេស Cyprus ទៅកាន់តំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ជនរងគ្រោះ «មកពីអូស្ត្រាលី ប៉ូឡូញ អង់គ្លេស អាមេរិក-កាណាដា និងប៉ាឡេស្ទីន»

គួរជម្រាបថា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្កាហ្សាដឹកនាំដោយក្រុមហាម៉ាស នៅថ្ងៃអង្គារសប្តាហ៍នេះបានឱ្យដឹងថា បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល World Central Kitchen (WCK) យ៉ាងហោច ៥នាក់ ក្នុងនោះមានទាំងបុគ្គលិកជាជនបរទេស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានទទួលស្គាល់ពីការស្លាប់របស់បុគ្គលិកជាពលរដ្ឋអូស្ត្រាលីម្នាក់ឈ្មោះ Lalzawmi "Zomi" Frankcom ហើយថា រដ្ឋាភិបាលរបស់លោកកំពុងទាក់ទងជាមួយអ៉ីស្រាអែល ដើម្បីស្នើឱ្យមានការកាត់ទោសតាមច្បាប់ចំពោះអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ។ ចំណែក សហរដ្ឋអាមេរិកវិញ បានបង្ហាញភាពតក់ស្លុត ក្រោយទទួលបានព័ត៌មានថាបុគ្គលិកបរទេសជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ប៉ុន្តែ អ៉ីស្រាអែលបានមិនបានបញ្ជាក់អ្វីលម្អិតនោះទេ ដោយគ្រាន់តែឱ្យដឹងថាខ្លួនកំពុងធ្វើការស៊ើបអង្កេត៕