(បារីស)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយនៅថ្ងៃអង្គារនេះថា អ៊ុយក្រែនស្ថិតក្នុង «ពេលវេលាដ៏សំខាន់» នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ហើយត្រូវការការគាំទ្រពីលោកខាងលិចជាបន្ទាន់បន្ថែមទៀត ដោយសម្តែងការសោកស្តាយ ចំពោះភាពជាប់គាំងនៅក្នុងសភាអាមេរិក ជុំវិញកញ្ចប់ថវិកាយោធារាប់ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

លោក Blinken បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងថា «វាពិតជាចាំបាច់ណាស់ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវការដើម្បីការពារខ្លួន ជាពិសេសទាក់ទងនឹងគ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស»

លោកបានសង្កត់ធ្ងន់ថា «នេះជាហេតុផលមួយទៀត ដែលសំណើថវិកាបន្ថែមរបស់ប្រធានាធិបតី (Joe) Biden ទៅកាន់សភា (សហរដ្ឋអាមេរិក) ត្រូវតែបំពេញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»

គួរជម្រាបថា លោក Biden បានជំរុញឱ្យសភាតំណាងរាស្ដ្រអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដើម្បីអនុម័តកញ្ចប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ ប៉ុន្តែប្រធានសភា លោក Mike Johnson បានពន្យារពេលបញ្ហានេះ អស់រយៈពេលជាច្រើនខែ ដោយលើកឡើងពីអាទិភាពក្នុងស្រុក។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា កងទ័ពរបស់លោកនឹងត្រូវដកខ្លួនចេញក្នុង «ជំហានតូចៗ» ប្រសិនបើអ៊ុយក្រែនមិនទទួលបានជំនួយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាន់ជំហរតឹងរ៉ឹងចំពោះរុស្ស៊ី ចំពេលមានការភ័យខ្លាចថា អ៊ុយក្រែនកំពុងបាត់បង់ដីនៅក្នុងសង្គ្រាម ជាពិសេសជាមួយនឹងការធ្លាក់ចុះនៃការគាំទ្ររបស់អាមេរិក៕