(ហ្វាំងឡង់)៖ ប៉ូលីសហ្វាំងឡង់បាននិយាយថា កុមារម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀតបានរងរបួសធ្ងន់ធ្ងរ នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយ នៅខាងជាយរដ្ឋធានីហ្វាំងឡង់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយសិស្សអាយុ ១២ ឆ្នាំម្នាក់ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

ក្រោយ​ការ​បាញ់​ប្រហារ ប៉ូលិស​បាន​បិទ​អគារ​មួយ​នៅ​សាលា Viertola នៅ​ជាយក្រុង Vantaa ក្បែររដ្ឋធានី Helsinki។ ទាំងជនសង្ស័យ​ និង​អាវុធ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និងប្រមូលបាននៅក្រុង Siltamaki ឆ្ងាយ​ពី​សាលា ដោយមិនបានអំពើហិង្សាបន្ថែមទៀតទេ។

ប៉ូលិស​បាន​និយាយ​ថា​ ពេល​នេះ​មិន​មាន​ជន​សង្ស័យ​ផ្សេង​ទៀត​ទេ។ ប៉ុន្តែពួកគេក៏មិនបានផ្តល់ព័ត៌មានលម្អិត អំពីអត្តសញ្ញាណរបស់ជនសង្ស័យ ឬជនរងគ្រោះនោះទេ ក្រៅពីនិយាយថា ពួកគេទាំងអស់សុទ្ធតែជាជនជាតិហ្វាំងឡង់ ហើយជនសង្ស័យមានអាយុ ១២ ឆ្នាំ និងជាសិស្សសាលា។

មន្ទីរពេទ្យប្រចាំតំបន់ Helsinki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានផ្តល់ព័ត៌មានលម្អិតថា អ្នកនៅរស់រានមានជីវិតទាំងពីរនាក់កំពុងត្រូវបានព្យាបាលរបួសធ្ងន់ធ្ងរ។

ប៉ូលិសបាននិយាយថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយប្រហារ អំឡុងពេលសួរចម្លើយបឋម ហើយ​ឧក្រិដ្ឋកម្ម​នេះនឹង​ត្រូវ​ស៊ើបអង្កេត​ជា​អំពើ​ឃាតកម្ម និង​ប៉ុនប៉ង​មនុស្សឃាត។ ទោះជាយ៉ាងណា ហេតុផលនៅក្រោយការវាយប្រហារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕