(ញូវដែលី)៖ ឥណ្ឌាថ្ងៃអង្គារនេះ បានជំទាស់ទៅនឹងការផ្លាស់ប្តូរឈ្មោះរបស់ចិន ចំពោះទីតាំងប្រហែល ៣០កន្លែងនៅរដ្ឋ Arunachal Pradesh នៃតំបន់ជួរភ្នំហិម៉ាល័យភាគឦសានប្រទេសរបស់ខ្លួន ដោយចាត់ទុកថាវាជាសកម្មភាពគ្មានន័យ ព្រមជាមួយនិងការបញ្ជាក់ឡើងវិញថា រដ្ឋជាប់ព្រំដែនមួយនេះ គឺជាផ្នែកដ៏សំខាន់នៃប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤។

ទីក្រុងប៉េកាំងហៅរដ្ឋ Arunachal Pradesh ថាចាងណាន (Zangnan) ហើយថាវាជាផ្នែកមួយនៃភាគខាងត្បូងតំបន់ទីបេ ខណៈទីក្រុងញូវដេលីបានច្រានចោល នូវការអះអាងនេះម្តងហើយម្តងទៀត។ កាលពីឆ្នាំមុន ចិនក៏បានដាក់ឈ្មោះឱ្យទីតាំងចំនួន ១១ក្នុងរដ្ឋនេះដែរ។ ដោយឡែក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ចិនបានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការកំណត់ស្តង់ដារឈ្មោះ ឱ្យទីតាំងប្រហែល ៣០កន្លែង នៅក្នុងអ្វីដែលហៅថាទីបេខាងត្បូង ដោយបញ្ជាក់ថា «អនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធ ស្តីពីការគ្រប់គ្រងឈ្មោះទីកន្លែងរបស់ក្រុមប្រឹក្សារដ្ឋ»។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយថា «ការចាត់តាំងឈ្មោះបែបនេះ នឹងមិនអាចផ្លាស់ប្តូរការពិតនៃរដ្ឋ Arunachal Pradesh នោះទេ ដែលថា វានឹងនៅតែជាផ្នែកដ៏សំខាន់ មិនអាចកាត់ផ្តាច់បានរបស់ឥណ្ឌា»។ ចំណែក រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទសប្តាហ៍នេះថា «ការផ្លាស់ប្តូរនេះនឹងគ្មានន័យអ្វីទាល់តែសោះ»

គួរបញ្ជាក់ថា ឥណ្ឌា-ចិន មានព្រំដែនជាប់គ្នាប្រវែង ៣,៨០០គីឡូម៉ែត្រ ដែលភាគច្រើនមានការកំណត់ព្រំប្រទល់មិនច្បាស់លាស់ឡើយ ហើយភាគីទាំងពីរធ្លាប់ប្រយុទ្ធក្នុងសង្រ្គាមដ៏បង្ហូរឈាមឆ្នាំ ១៩៦២។ កាលពីឆ្នាំ ២០២២ កងទ័ពនៃប្រទេសជិតខាងប្រដាប់ដោយ អាវុធនុយក្លេអ៊ែរទាំងពីរនេះ បានប៉ះទង្គិចគ្នាបន្តិចបន្តួចនៅតាមព្រំដែនមានជម្លោះរបស់ពួកគេ ប៉ុន្តែភាពតានតឹងបានធូរស្រាលវិញ បន្ទាប់ពីមានកិច្ចពិភាក្សាផ្នែកយោធា និងការទូតយ៉ាងទូលំទូលាយ៕