(ហែលស៉ិនគី)៖ ប៉ូលិសនៅប្រទេសហ្វាំងឡង់បានឱ្យដឹងថា ក្មេងៗអាយុ១២ឆ្នាំចំនួន៣នាក់ បានរងការបាញ់ប្រហារបណ្តាលឱ្យរបួស នៅឯសាលារៀនមួយកន្លែង នាថ្ងៃអង្គារនេះ ខណៈជនសង្ស័យដែលជាក្មេងមានអាយុ១២ឆ្នាំដូចគ្នា ត្រូវបានឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។

យោងតាមអ្នកនាំពាក្យប៉ូលិសហ្វាំឡង់ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមិនទាន់មានព័ត៌មានលម្អិតបន្ថែម​នោះទេ។ ហេតុការណ៍ខាងលើ បានកើតឡើងក្នុងសាលារៀន Viertola នៅតំបន់ Vantaa ជាយរដ្ឋធានី Helsinki ហើយសាលានោះ មានកូនសិស្សប្រហែល៨០០នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ និងបុគ្គលិកចំនួន៩០នាក់។ អាជ្ញាធរបានអះអាងថា នាពេលនេះ ការគំរាមកំហែងគឺបានចប់ទៅវិញហើយ ដោយជនសង្ស័យត្រូវបានឃាត់ខ្លួន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៧ យុវជនម្នាក់ឈ្មោះ Pekka-Eric Auvinen បានបាញ់សម្លាប់សិស្ស៦នាក់ រួមជាមួយគិលានុបដ្ឋាក នាយកសាលា ព្រមទាំងខ្លួនឯង នៅឯសាលា Jokela High School ក្បែរទីក្រុង Helsinki។ មួយឆ្នាំក្រោយមក នៅឆ្នាំ២០០៨ សិស្សម្នាក់ផ្សេងទៀតឈ្មោះ Matti Saari បានធ្វើសកម្មភាពបាញ់ប្រហារ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមួយ ក្នុងក្រុង Kauhajoki នៅភាគពាយព្យហ្វាំងឡង់។ សិស្សរូបនោះ បានសម្លាប់សិស្ស៩នាក់ និងបុគ្គលិកសាលាម្នាក់ មុនធ្វើអត្តឃាត។

គួរបញ្ជាក់ថា ហ្វាំងឡង់បានរឹតបន្តឹងច្បាប់គ្រប់គ្រងកាំភ្លើងរបស់ខ្លួន កាលពីឆ្នាំ២០១០ ដោយកំណត់ឱ្យមានការធ្វើតេស្តល្បងសមត្ថភាព សម្រាប់អ្នកស្នើសុំអាជ្ញាបណ្ណកាន់កាប់កាំភ្លើងទាំងអស់។ រីឯអាយុកំណត់សម្រាប់អ្នកមានសិទ្ធិស្នើសុំអាជ្ញាបណ្ណកាំភ្លើង ក៏ត្រូវបានកែប្រែពី​១៨ឆ្នាំ មក២០ឆ្នាំផងដែរ។ នៅក្នុងប្រទេសអឺរ៉ុប ដែលមានប្រជាជន៥.៦លាននាក់មួយនេះ គឺមានកាំភ្លើងដែលមានអាជ្ញាបណ្ណត្រឹមត្រូវ​ចំនួនជាង១.៥លានដើម និងអ្នកកាន់កាប់អាជ្ញាបណ្ណប្រមាណ ៤៣០,០០០នាក់ ហើយការបរបាញ់សត្វព្រៃ និងការហាត់បាញ់ផ្ទាំងស៉ីប គឺជាសកម្មភាពដ៏ពេញនិយម៕