(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបានថ្កោលទោសការវាយប្រហារតាមអាកាស ដែលធ្វើឱ្យខូចខាតដល់អគារស្ថានកុងស៊ុល របស់ស្ថានទូតអ៉ីរ៉ង់ ក្នុងទីក្រុងដាម៉ាស របស់ប្រទេសស៉ីរី ដោយបន្ថែមថា «រាល់សកម្មភាពទាំងអស់ នឹងនាំទៅរកភាពតានតឹងកាន់តែខ្លាំង»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤។

ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំប្រទេសស៊ីរី បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស បានត្រូវចំអគារស្ថានកុងស៊ុលមួយ ស្ថិតនៅក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានគូសបញ្ជាក់ថា «ចិនសូមថ្កោលទោសការវាយប្រហារនោះ»។ លោក Wang បន្ថែមថា «សន្តិសុខនៃស្ថាប័នការទូតមិនអាចរំលោភបំពានបានទេ ហើយអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់ស៉ីរី គួរតែត្រូវបានគោរព»។

គួរបញ្ជាក់ថា តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ៉ីរ៉ង់ចោទថាយន្ដហោះចម្បាំងអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសមកលើបរិវេណស្ថានទូតរបស់ខ្លួន កាលពីថ្ងៃចន្ទ ទី១ ខែមេសា។ ចំណែកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បញ្ជាក់ថា ទីប្រឹក្សាយោធារបស់ខ្លួន៧នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានទាំង លោក Mohammad Reza Zahedi ដែលជាមេបញ្ជាការជាន់ខ្ពស់ម្នាក់ នៃកងកម្លាំង Quds ជាអង្គភាពមួយទទួលបន្ទុកស៊ើបការណ៍សម្ងាត់នៅបរទេស៕