(តូក្យូ)៖ នៅថ្ងៃអង្គារនេះ ជប៉ុនបាននិយាយថា ខ្លួននឹងដកចេញវិញនូវការផ្អាកផ្តល់មូលនិធិ ឱ្យទៅទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA ស្របពេលដែល ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិមួយនេះ កំពុងព្យាយាមប្រឹងប្រែងកសាងទំនុកចិត្តឡើងិវញ ក្រោយទទួលរង​ការចោទប្រកាន់ថា បុគ្គលិកខ្លួនមួយចំនួន មានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។

ជប៉ុនដែលជាអ្នកបរិច្ចាគធំជាងគេលំដាប់ទី៦ របស់ទីភ្នាក់ងារ UNRWA ព្រមទាំងប្រទេស១៥ផ្សេងទៀត បាននាំគ្នាផ្អាកការផ្តល់មូលធិនិ ​គិតជាទឹកប្រាក់សរុបប្រហែល ៤៥០លានដុល្លារ ក្រោយលេចឡើងការចោទប្រកាន់ពីសំណាក់អ៉ីស្រាអែល កាលពីខែមករាដើមឆ្នាំនេះ ជាហេតុបណ្តាលឱ្យប្រតិបត្តិការរបស់ UNRWA នៅក្នុងតំបន់ Gaza Strip ដែលហែកហួរដោយសង្រ្គាម ប្រឈមមុខនឹងភាពវឹកវរ។ យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក បណ្តាប្រទេសរួមមានដូចជាអូស្រ្តាលីនិងកាណាដា គឺបានស្តារការផ្តល់មូលនិធិឡើងវិញហើយ ឱ្យ UNRWA ដែលជាទីភ្នាក់ងារផ្តល់ជំនួយធំបំផុត ធ្វើប្រតិបត្តិការនៅ Gaza ជាទីដែលអ៉ីស្រាអែល កំពុងបន្តធ្វើសង្រ្គាមប្រឆាំង ក្រុមហាម៉ាស ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា។

រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ដែលទើបជួបប្រធាន UNRWA លោក Philippe Lazzarini នៅទីក្រុងតូក្យូ កាលពីសប្តាហ៍មុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជប៉ុននឹងលុបចោលវិញ នូវការផ្អាកផ្តល់ហិរញ្ញវត្ថុរបស់ខ្លួន ទៅកាន់ទីភ្នាក់ងារ UNRWA។ បើតាមលោកស្រី Kamikawa មូលនិធិដែលបានគ្រោងទុកពីដំបូងចំនួន៣៥លានដុល្លារ គឺត្រូវបានត្រៀមរួចជាស្រេច ដើម្បីផ្តល់ឱ្យ UNRWA។

គួរបញ្ជាក់ថា ក្រោយរងការចោទប្រកាន់ពីអ៉ីស្រាអែល ទីភ្នាក់ងារ UNRWA បានបណ្តេញបុគ្គលិកមួយចំនួន ប៉ុន្តែក្រោយមកបានអះអាងថា បុគ្គលិកខ្លួនមួយចំនួន ដែលត្រូវបានដោះលែងពីការឃុំឃាំងរបស់អ៉ីស្រាអែល ទៅកាន់តំបន់ Gaza បានរាយការណ៍ថា ពួកគេបានរងសម្ពាធពី អាជ្ញាធរអ៉ីស្រាអែលឱ្យនិយាយកុហកថា បុគ្គលិករបស់ UNRWA បានចូលរួមពាក់ព័ន្ធ ក្នុងការវាយប្រហាររបស់​ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា៕