(ហ្កាហ្សា)៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្កាហ្សាដឹកនាំដោយក្រុមហាម៉ាស បានឱ្យដឹងថាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល World Central Kitchen (WCK) យ៉ាងហោច ៥នាក់ ក្នុងនោះមានទាំងបុគ្គលិកជាជនបរទេស ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។

មនុស្សទាំង ៥នាក់ខាងលើត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងទីក្រុង Deir al-Balah នៃតំបន់ហ្កាហ្សា ហើយក្នុងចំណោមពួកគេ គឺជាពលរដ្ឋប៉ូឡូញ អូស្ត្រាលី និងចក្រភពអង់គ្លេស រួមទាំងជនជាតិប៉ាឡេស្ទីនម្នាក់។ នៅលើបណ្ដាញទំនាក់ទំនងសង្គម X អង្គការ WCK បានគូសបញ្ជាក់ដូច្នេះថា «យើងបានដឹងពីសេចក្ដីរាយការណ៍ថា បុគ្គលិករបស់ World Central Kitchen ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងអ៉ីស្រាអែល IDF អំឡុងពួកគេកំពុងធ្វើការងារផ្ដល់ជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។ នេះគឺជាសោកនាកម្មមួយ ហើយបុគ្គលិកធ្វើការពាក់ព័ន្ធនឹងមនុស្សធម៌ មិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារនោះទេ»

ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហាម៉ាសក៏បាននិយាយដែរថាការវាយប្រហាររបស់អ៉ីស្រាអែល មានគោលដៅបំផិតបំភ័យបុគ្គលិកអង្គការអន្តរជាតិ ឬទីភ្នាក់ងារមនុស្សធម៌នានា កុំឱ្យបន្តការធ្វើរបស់ពួកគេ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានទទួលស្គាល់ពីការស្លាប់របស់បុគ្គលិកជាពលរដ្ឋអូស្ត្រាលីម្នាក់ឈ្មោះ Lalzawmi "Zomi" Frankcom ហើយថា រដ្ឋាភិបាលរបស់លោកកំពុងទាក់ទងជាមួយអ៉ីស្រាអែល ដើម្បីស្នើឱ្យមានការកាត់ទោសតាមច្បាប់ចំពោះអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ។ ចំណែក សហរដ្ឋអាមេរិកវិញ បានបង្ហាញភាពតក់ស្លុត ក្រោយទទួលបានព័ត៌មានថាបុគ្គលិកបរទេសជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ប៉ុន្តែ អ៉ីស្រាអែលបានមិនបានបញ្ជាក់អ្វីលម្អិត នោះទេ ដោយគ្រាន់តែឱ្យដឹងថាខ្លួនកំពុងធ្វើការស៊ើបអង្កេត៕