(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា ជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ មហំាម៉ាត់ ប៊ីន សាល់ម៉ាន ខណៈសហរដ្ឋអាមេរិកកំពុងជំរុញការរីកចម្រើនឆ្ពោះទៅរកការភ្ជាប់ទំនាក់ទំនងជាប្រក្រតីរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤។

កិច្ចពិភាក្សាពីការភ្ជាប់ទំនាក់ទំនងជាប្រក្រតីរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត បានជាប់គាំងភ្លាមៗ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ ប៉ុន្តែ កិច្ចពិភាក្សានេះត្រូវបានរាយការណ៍ថាបានចាប់ផ្ដើមឡើងវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ តាមមន្ត្រីអាមេរិកម្នាក់ លោក Sullivan មាន គម្រោងបើកកិច្ចពិភាក្សាជាមួយព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន លើបញ្ហានេះ ប៉ុន្តែមិនរំពឹងថាអាចនឹងសម្រេចបានលទ្ធផលធុំដុំនោះទេ។ ដោយឡែក មន្ត្រីអាមេរិកម្នាក់ទៀត បាននិយាយថាទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះក៏នឹងប្រឹក្សាយោបល់លើបញ្ហាជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្លាប់បានលើកឡើងកាលពីថ្ងៃទី២១ ខែមីនាថាសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនយ៉ាង ល្អប្រសើរនៅក្នុងកិច្ចពិភាក្សាស្ដីពីការភ្ជាប់ទំនាក់ទំនងជាប្រក្រតីរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត តែមិនបានបញ្ជាក់លម្អិតថាតើកិច្ចព្រមព្រៀងណាមួយអាចនឹងសម្រេចបាន នៅណានោះទេ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង អារ៉ាប៊ីសាអូឌីត បានដាក់លក្ខខណ្ឌចង់បានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងចង់បានការគាំទ្រពី ទីក្រុងវ៉ាស៊ីនតោន សម្រាប់កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន៕