(ដាម៉ាស)៖ អ៉ីរ៉ង់បានចោទប្រកាន់យន្ដហោះចម្បាំងអ៉ីស្រាអែលថាបានបើកការវាយប្រហារតាមផ្លូវអាកាសលើស្ថានទូតរបស់ខ្លួនប្រចាំប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ទី១ ខែមេសា ដោយ សម្លាប់ទីប្រឹក្សាយោធាអ៉ីរ៉ង់៧នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការជាន់ខ្ពស់៣នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំប្រទេសស៊ីរី បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសនោះបានត្រូវចំអគារស្ថានកុងស៊ុលមួយស្ថិតនៅក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់។ ចំណែក កងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់វិញបានបញ្ជាក់ថាទីប្រឹក្សាយោធារបស់ខ្លួន៧នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានទាំងលោក Mohammad Reza Zahedi ដែលជាមេបញ្ជាការជាន់ខ្ពស់ម្នាក់ នៃកងកម្លាំង Quds ជាអង្គភាពមួយទទួលបន្ទុកស៊ើបការណ៍សម្ងាត់នៅបរទេស។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad បានថ្កោលទោស និងចាត់ទុកថាការវាយប្រហារតាមផ្លូវអាកាសខាងលើដែលអ៉ីរ៉ង់ចោទថាជាស្នាដៃរបស់អ៉ីស្រាអែល គឺជាទង្វើភេរវកម្មដ៏ព្រៃផ្សៃ មានគោលដៅលើអគារស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស និងសម្លាប់មនុស្សស្លូតត្រង់ជាច្រើននាក់។

ខាងអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេចំពោះការចោទប្រកាន់របស់អ៉ីរ៉ង់។ ប៉ុន្តែ កាសែតអាមេរិក New York Times បានស្រង់សម្ដីមន្ត្រីអ៉ីស្រាអែល៤រូបក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះដែលបានអះអាងថាអ៉ីស្រាអែលពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសលើស្ថានទូតអ៉ីរ៉ង់ក្នុងប្រទេសស៊ីរី៕