(ញូវដេលី)៖ មេធាវីបាននិយាយថា តុលាការឥណ្ឌានៅថ្ងៃចន្ទនេះ បានសម្រេចបន្តការឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់ឥណ្ឌា គឺលោក Arvind Kejriwal រហូតដល់ថ្ងៃទី ១៥ ខែមេសា ហើយការបន្តឃាត់ខ្លួននេះ កើតមានឡើងតិចជាងបីសប្តាហ៍ប៉ុណ្ណោះ មុនពេលការបោះឆ្នោតសកលចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

លោក Kejriwal ដែលជាមេបក្សប្រឆាំងលេចធ្លោមួយរូប និងជាប្រមុខរដ្ឋបាលតំបន់ Delhi ត្រូវបានឃាត់ខ្លួនកាលពីចុងខែមីនា បន្ទាប់ពីទីភ្នាក់ងារឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា បានចោទប្រកាន់លោកពីបទពុករលួយទាក់ទង នឹងគោលនយោបាយស្រារបស់ទីក្រុង ដែលគណបក្សរបស់លោកបានបដិសេធ។

គណបក្សប្រឆាំងនិយាយថា ការចាប់ខ្លួននេះ រួមជាមួយនឹងចំណាត់ការរបស់រដ្ឋាភិបាលប្រឆាំងនឹងក្រុមប្រឆាំងផ្សេងទៀត និងមេដឹកនាំរបស់ពួកគេ បង្ហាញថារដ្ឋាភិបាលកំពុងបដិសេធពួកគេក្នុងកម្រិតណាមួយ មិនឱ្យចូលរួមក្នុងការបោះឆ្នោត។

គេហទំព័រ Live Law បាននិយាយថា មេធាវីរបស់ទីភ្នាក់ងារអនុវត្តច្បាប់រដ្ឋាភិបាលបានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោក Kejriwal មិនបានសហការ និងបានផ្តល់ការឆ្លើយតបដោយគេចវេស ដូច្នេះត្រូវឃុំខ្លួនបន្តចំនួន ១៥ ថ្ងៃបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍មុននេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់ទៅលើ ​សេចក្តីរាយការណ៍អំពី ការចាប់ខ្លួនមេបក្សប្រឆាំងឥណ្ឌាម្នាក់ គឺលោក Arvind Kejriwal ហើយទីក្រុងវ៉ាស៉ីនតោនលើកទឹកចិត្ត ឱ្យមាន​ការចាត់នីតិវិធីតាមផ្លូវច្បាប់ ប្រកបដោយយុត្តិធម៌និងតម្លាភាព។

ប្រទេសឥណ្ឌានឹងចាប់ផ្តើមដំណើរការបោះឆ្នោតសកលរបស់ខ្លួន ដែលមានរយៈពេលសរុបជាច្រើនសប្តាហ៍ នៅថ្ងៃទី១៩ ខែមេសា ខណៈនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានបង្ហាញភាពជឿជាក់ខ្ពស់ថា គណបក្សកាន់អំណាចរបស់លោក នឹងអាចបន្តទទួលជ័យជម្នះ សម្រាប់អាណត្តិទី៣៕