(ហ្គាហ្សា)៖ យោធាអ៊ីស្រាអែល បានដកខ្លួនចេញពីមន្ទីរពេទ្យ Al-Shifa ដ៏ធំបំផុតរបស់ហ្គាហ្សា បន្ទាប់ពីការឡោមព័ទ្ធរយៈពេល ១៤ ថ្ងៃ ដែលសាក្សី និងមន្ត្រីប៉ាឡេស្ទីនបាននិយាយថា បានធ្វើឱ្យអគារជាច្រើនត្រូវបានបំផ្លិចបំផ្លាញទៅជាគំនរបាក់បែក ហើយសាកសពជនរងគ្រោះនៅរាយប៉ាយពាសពេញបរិវេណមន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីការដកខ្លួនរបស់ខ្លួននៅថ្ងៃចន្ទនេះ ដោយនិយាយថា កងទ័ពរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាស និងបានរឹបអូសយកអាវុធ និងឯកសារស៊ើបការណ៍សម្ងាត់ជាច្រើន។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ក៏បាននិយាយផងដែរថា «មូលដ្ឋានរបស់ភេរវករនៅមន្ទីរពេទ្យ Al-Shifa ត្រូវបានលុបបំបាត់» ដោយបានសរសើរពីសកម្មភាពដែលប្រកបដោយវិជ្ជាជីវៈរបស់ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ផងដែរ។

ចំណែកឯ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សប្រមាណ ៤០០ នាក់នៅជុំវិញមន្ទីរពេទ្យ Al Shifa រួមទាំងវេជ្ជបណ្ឌិតស្ត្រីម្នាក់ ព្រមទាំងកូនប្រុសរបស់គាត់ដែលជាវេជ្ជបណ្ឌិតផងដែរ ហើយបានធ្វើឱ្យមន្ទីរពេទ្យនេះមិនអាចដំណើរការ។

នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយ លោក Ismail Al-Thawabta បាននិយាយថា «កងកម្លាំងកាន់កាប់បានបំផ្លាញអគារទាំងអស់ នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Al Shifa ។ ពួកគេបានឈូសឆាយទីធ្លា និងកប់មនុស្សរាប់សិបនាក់នៅក្រោមគំនរបាក់បែក។ សាកសពជនរងគ្រោះបានប្រែក្លាយកន្លែងនេះទៅជាផ្នូរដ៏ធំមួយ»។

លោកបានសង្កត់ធ្ងន់ថា «នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»។ ទោះជាយ៉ាងណា Reuters មិនអាចបញ្ជាក់ការចោទប្រកាន់នេះបានទេ ហើយយោធាអ៊ីស្រាអែលក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយដែរ៕