(វ៉ាស៊ីនតោន)៖ ដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ ក្នុងការវាយប្រហារលើមូលដ្ឋានយោធាមួយនៅប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅ មានតម្លៃប្រហែល ២០ ០០០ដុល្លារក្នុងមួយគ្រឿង។​ ដ្រូននេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអ៉ីរ៉ង់ Shahed Aviation Industries Research Guard Corp។ ៣ថ្ងៃ ក្រោយមកទៀត គឺនៅយប់ថ្ងៃទី៣១ ខែមករា ឈានចូលថ្ងៃទី១ ខែកុម្ភៈ ដ្រូនសមុទ្ររបស់អ៊ុយក្រែនបានពន្លិចនាវាចម្បាំងរុស្ស៉ីមួយគ្រឿងមានតម្លៃជាង ៧០លានដុល្លារ នៅតំបន់សមុទ្រខ្មៅ។

ម្យ៉ាងវិញទៀត ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ក៏បានប្រើដ្រូនវាយប្រហារលើ កប៉ាល់ដឹកទំនិញ និងនាវាចម្បាំងអាមេរិកក្នុងតំបន់សមុទ្រក្រហម ដោយបង្កការខាតបង់រាប់ពាន់លានដុល្លារ ដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះផងដែរ។​ ដ្រូនបាន និងកំពុងក្លាយជាអាវុធដ៏ពេញនិយមមួយនៅក្នុងសង្រ្គាម ស្របពេលក្រុមអ្នកជំនាញយោធាជាច្រើនយល់ស្របថាទៅថ្ងៃអនាគត ដ្រូននឹងក្លាយជាអាវុធដ៏សំខាន់មួយអាចកែប្រែតុល្យភាព យោធាបាន។

សម្រាប់សហរដ្ឋអាមេរិក អាវុធដែលសម្ញែងឫទ្ធអំណាចរបស់ខ្លួនជាយូរមកហើយនោះ គឺនាវាចម្បាំង។ ភ្លាមៗ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពី ថ្ងៃទី៧ ខែតុលា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង ២គ្រឿងទៅកាន់មជ្ឈិមបូព៌ា ដើម្បីកំញើញអ៉ីរ៉ង់។ ក្នុងចំណោមនាវាផ្ទុកយន្ដហោះចម្បាំងទាំង ២គ្រឿងនេះ គឺមាននាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ដែលសហរដ្ឋអាមេរិកបានចំណាយប្រាក់ ១៣ពាន់លានដុល្លារក្នុងការផលិត និងជានាវាចម្បាំងថ្លៃជាងគេបំផុតនៅក្នុង ប្រវត្តិសាស្ត្រ។ ក្នុងទំហំទឹកប្រាក់ប្រហាក់ប្រហែលគ្នានេះ ប្រទេសមួយអាចទិញដ្រូន Shahed ជាង ៦៥០ ០០០គ្រឿង និងគ្រប់គ្រាន់អាចបាញ់ពន្លិចនាវាផ្ទុកយន្ដហោះចម្បាំង Gerald R. Ford ក៏ថាបាន។ តែជាសំណាងល្អ បច្ចុប្បន្ន Gerald R. Ford និងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដទៃទៀត សុទ្ធតែមានបំពាក់ប្រព័ន្ធអាវុធទំនើបៗដែលនេះមានន័យថាវាមិនអាចទៅរួច នោះទេ ដែលត្រឹមដ្រូន Shahed រាប់សិបគ្រឿង ឬតិចជាងនេះអាចវាយប្រហារដោយផ្ទាល់លើនាវាចម្បាំងផ្ទុកយន្ដហោះចម្បាំងអាមេរិក។ ប៉ុន្តែ ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា AI អ្វីៗអាចនឹងប្រែប្រួល។

ដ្រូនគឺជាអាវុធងាយស្រួលប្រើ មានតម្លៃថោក ហើយយោធាសឹងតែគ្រប់ប្រទេសក៏មានប្រើគ្រប់ៗគ្នាដែរ។ ដ្រូនអាចនឹងកែប្រែតុល្យភាពសង្រ្គាម ឬតាក់ទិកនៃការធ្វើសង្រ្គាម ប្រសិនបើវាត្រូវបាន ប្រើក្នុងចំនួនដ៏ច្រើន និងបញ្ជាដោយបច្ចេកវិទ្យា AI។ ពេលវេលាបែបនេះមិនទាន់មកដល់ទេ ប៉ុន្តែវាកំពុងដើរទៅមុខយ៉ាងលឿន។ ត្រង់ចំណុចនេះ អនាគតនៃសង្រ្គាមមិនមែនកំណត់ដោយអាវុធ នោះទេ តែកំណត់ដោយប្រព័ន្ធនៃអាវុធ និងជាពិសេសប្រព័ន្ធនៃអាវុធដែលមានតម្លៃថោក។ ប្រព័ន្ធនៃអាវុធទាំងនេះមានខ្លះៗរួចទៅហើយ ដូចជាដ្រូន Shahed ដែលកំពុងត្រូវបានប្រើដោយ រុស្ស៉ីក្នុងសង្រ្គាមអ៊ុយក្រែន និងការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ដ្រូន Switchblade ដែលអ៊ុយក្រែនប្រើកម្ទេចរថក្រោះរុស្ស៉ីក្នុងតំបន់ដុនបាស ឬក៏គ្រាប់មីនសមុទ្រឆ្លាតវៃ នៅជុំវិញកោះតៃវ៉ាន់។ តែអ្វីដែលសំខាន់អាវុធទាំងនេះមិនទាន់ត្រូវបានបញ្ជាដោយផ្ទាល់ពី AI ដែលអនុញ្ញាតឱ្យប្រទេសមួយធ្វើសង្រ្គាមមិនប្រើប្រាស់កងទ័ពទ្រង់ទ្រាយធំ នៅឡើយទេ។

ជាស្នូលដ៏សំខាន់ AI គឺជាបច្ចេកវិទ្យាមួយផ្អែកលើ pattern recognition ឬការទទួលស្គាល់លំនាំ។ នៅក្នុងទ្រឹស្ដីយោធា អន្តរទំនាក់ទំនងរវាង pattern recognition និងការសម្រេចចិត្ត ត្រូវបានគេ ហៅថាទ្រឹស្ដី OODA Loop ដែលរួមមាន «ការសង្កេត កំណត់គោលដៅ សម្រេចចិត្ត និងធ្វើសកម្មភាព»។ ទ្រឹស្ដី OODA Loop ត្រូវបានអភិវឌ្ឍឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ដោយពីឡុត យន្ដហោះចម្បាំងអាមេរិក លោក John Boyd ដែលអះអាងថាការធ្វើសកម្មភាពលឿនរហ័សតាមរយៈទ្រឹស្ដី OODA Loop នឹងសម្រេចបានអត្ថាប្រយោជន៍ធំនៅលើសមរភូមិ។ ជាឧទាហរណ៍៖ ក្នុងចំណោមការវាយប្រហារជាង ១៥០លើក លើកងទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក លើកលែងតែការប្រើទ្រឹស្ត្រី OODA Loop តែប៉ុណ្ណោះដែលជួយកងកម្លាំងអាមេរិក អាចទប់ស្កាត់ការវាយប្រហារបានដោយជោគជ័យ។ នាវាចម្បាំង និងមូលដ្ឋានទ័ពអាមេរិកមានសមត្ថភាពក្នុងការសង្កេត និងចាប់សញ្ញាដ្រូន កំណត់គោលដៅប្រឆាំងការគំរាមកំហែង សម្រេចចិត្ត ចាត់វិធានការទប់ទល់ និងបន្ទាប់មកធ្វើសកម្មភាពឆ្លើយតប។ តែទោះជាបែបនេះក្ដី ការប្រើប្រាស់ដ្រូនក្នុងចំនួនដ៏ច្រើន និងបញ្ជាដោយផ្ទាល់ដោយ AI អាចបង្រ្កាបទ្រឹស្ដី OODA Loop បញ្ជាដោយដៃ មនុស្ស។ គេមិនអាចបញ្ជាដ្រូនរាប់ពាន់គ្រឿងដោយដៃមនុស្សបាននោះទេ ប៉ុន្តែបច្ចេកវិទ្យា AI អាចធ្វើបាន។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញយោធា ដូចគ្នាទៅនឹងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរកាលពីសវត្សរ៍ទី២០ដែរ ការរត់ប្រណាំងបច្ចេកវិទ្យា AI ក៏នឹងកំណត់ដែរថាតើមហាអំណាចដែលនឹងមាន ប្រៀបជាងគេខាងបច្ចេកវិទ្យាយោធា៕