(ម៉ានីល)៖ មន្រ្តីសន្តិសុខមួយរូបបាននិយាយនៅថ្ងៃចន្ទនេះថា វិធានការតបតរបស់ហ្វីលីពីនចំពោះសកម្មភាពរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង នឹងរួមបញ្ចូលនូវការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាមួយសម្ព័ន្ធមិត្ត ហើយប្រើប្រាស់ឱ្យអស់ពីលទ្ធភាព នូវមធ្យោបាយការទូត ដើម្បីដោះស្រាយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ ២០២៤។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Ferdinand Marcos Jr បាននិយាយថា ហ្វីលីពីននឹងអនុវត្តវិធានការ ដែលមិនត្រូវបានបញ្ជាក់ច្បាស់ ប្រឆាំងចំពោះសកម្មភាពដែលអាចបង្កគ្រោះថ្នាក់ ពីសំណាក់ឆ្មាំឆ្នេរសមុទ្រចិន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Jonathan Malaya បានប្រាប់ទូរទស្សន៍រដ្ឋ យ៉ាងដូច្នេះថា «ការឆ្លើយតបដោយសមស្រប ប្រកបដោយក្តីពិចារណា និងមានហេតុផល ដែលលោកប្រធានាធិបតីលើកឡើងនោះ គឺមិនត្រឹមតែគ្របដណ្តប់លើផ្នែក នៃការពង្រឹងសមត្ថភាពយោធា ជាមួយសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ឱ្យអស់ពីលទ្ធភាពផងដែរ»

គួរបញ្ជាក់ថា ចិន-ហ្វីលីពីន បានប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលប្រមាណ១ឆ្នាំចុងក្រោយនេះ ជុំវិញតំបន់មានបញ្ហាជម្លោះនោះទីនោះ ស្របពេលដែលទីក្រុងម៉ានីល កំពុងបង្កើនទំនាក់ទំនងការពារជាតិ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក៕