(ណៃពិដោ)៖ ស្ថានទូតចិនប្រចាំនៅទីក្រុង Yangon បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សប្រមាណជាង៨០០នាក់ដែលជាប់សង្ស័យ ជាឧក្រិដ្ឋជនឆបោកឆ្លងព្រំដែន ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការរួមគ្នារវាងប៉ូលិសមីយ៉ាន់ម៉ានិងប៉ូលិសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

ទីតាំងប្រតិបត្តិការឆបោក បានរីកស្គុសស្គាយក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពលរដ្ឋមកពីចិននិងប្រទេសដទៃទៀត ភាគច្រើនត្រូវបានបង្ខំឱ្យ​ធ្វើការនៅតាមកន្លែងទាំងនោះ ដើម្បីបោកប្រាស់ជនរួមជាតិរបស់ពួកគេ នៅក្នុងឧស្សាហកម្មមួយ ដែលក្រុមអ្នកវិភាគអះអាងថា មានតម្លៃ​រហូតដល់ខ្ទង់ពាន់លានដុល្លារ។ ទីក្រុងប៉េកាំងធ្លាប់បានស្នើ ម្តងហើយម្តងទៀត ឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រឹងប្រែងបង្រ្កាបប្រតិបត្តិការ​ឆបោកទាំងអស់នោះ។

ស្ថានទូតចិននៅ Yangon បានឱ្យដឹងថា ខាងប៉ូលិសចិនបានផ្តល់ព័ត៌មានផ្សេងៗ មកកាន់សមភាគីមីយ៉ាន់ម៉ា ហើយប៉ូលិសមីយ៉ាន់ម៉ា ក៏បានបើកប្រតិបត្តិការឆ្មក់បង្រ្កាប នៅម្តុំទីក្រុង Muse ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយ នៅរដ្ឋ Shan ភាគខាងជើងប្រទេស។ ជាលទ្ធផល ប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួនជនសង្ស័យបាន ៨០៧នាក់ ដែលបានប្រព្រឹត្តបទល្មើសឆ្លងព្រំដែន ហើយរឹបអូសបានកុំព្យូទ័រ ទូរស័ព្ទដៃ និងឯកសារផ្សេងៗ ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឆបោក។ ក្នុងចំណោមជនទាំងនោះ មាន៣៥២នាក់ជាពលរដ្ឋចិន ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសចិនវិញ កាលពីថ្ងៃអាទិត្យ។ រីឯប៉ុន្មានរយនាក់ផ្សេងទៀត ជាពលរដ្ឋមីយ៉ាន់ម៉ាផ្ទាល់។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអះអាងថា មនុស្សយ៉ាងតិច១២០,០០០នាក់ ស្ថិតក្រោមការបង្ខាំងខ្លួន នៅតាមទីតាំងប្រតិបត្តិការឆបោក ក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មនុស្សច្រើនជាង ៤០,០០០នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធ ក្នុងសកម្មភាពឆកបោកតាមប្រព័ន្ធព័ត៌មានវិទ្យា នៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ជូនខ្លួនទៅ​ប្រទេសចិន កាលពីឆ្នាំមុន៕