(កៀវ)៖ យោធាអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពអាកាសបានបាញ់ទម្លាក់យន្តហោះដ្រូន Shahed ២គ្រឿង ក្នុងចំណោម ៣គ្រឿង ដែលរុស្ស៉ីបាញ់កាលពីវេលាយប់កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ ២០២៤។

អគ្គសេនាធិការយោធាអ៊ុយក្រែន មិនបានផ្តល់ព័ត៌មានបន្ថែមនោះទេ អំពីការវាយប្រហារ ដែលលោកបានបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក។ ក្រសួងថាមពលអ៊ុយក្រែន បានឱ្យដឹងតាមរយៈសារដាច់ដោយឡែកមួយថា គ្រឿងបរិក្ខារនៅស្ថានីយថាមពលអគ្គិសនី ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងត្រូវរងការខូចខាត បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូន តែមិនបញ្ជាក់ថាជាយន្តហោះដ្រូនប្រភេទណានោះទេ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២២ ខែមីនា កងកម្លាំងរុស្ស៉ីបានបង្កើនការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែនបណ្តាលឱ្យការខូចខាតធ្ងន់ធ្ងរ និងនាំឱ្យដាច់ចរន្តអគ្គិសនី៕