(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចប្រជុំកំពូលមួយរវាង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិងសមភាគីជប៉ុនព្រមទាំងកូរ៉េខាងត្បូងរបស់លោក នាខែកក្កដា ឆ្នាំនេះ នៅក្រៅកិច្ចប្រជុំ NATO ដែលនឹងធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានរាយការណ៍ថា លោក បៃដិន នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អំឡុងកិច្ចប្រជុំត្រីភាគីខាងលើ ទំនងជានឹងពិភាក្សាគ្នាលើបញ្ហាផ្សេងៗ រួមមានទាំងការពង្រឹងសមត្ថភាពទប់ទល់ឥទ្ធិពលចិន និងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង ក៏ដូចជាការបង្កើនទំនាក់ទំនងយោធា​កាន់តែស៉ីជម្រៅ រវាងទីក្រុងព្យុងយ៉ាង និងប្រទេសរុស្ស៉ី។

នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានបដិសេធផ្តល់ការអត្ថាធិប្បាយ ជុំវិញការអញ្ជើញលោក Kishida ទៅចូលរួម​កិច្ចប្រជុំកំពូលថ្ងៃទី៩-១១ ខែកក្កដា របស់អង្គការ NATO ហើយអ្នកនាំពាក្យរូបនោះ បានអះអាងថា មិនមានកាលបរិច្ឆេទណាមួយ ដែលត្រូវបានកំណត់សម្រាប់កិច្ចប្រជុំត្រីភាគី រវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ឡើយ។ រីឯការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង និងស្ថានទូតអាមេរិកប្រចាំប្រទេសជប៉ុន ក៏មិនបានផ្តល់ការអត្ថាធិប្បាយអ្វី ជុំវិញសេចក្តីរាយការណ៍ អំពីគម្រោងជំនួបនេះដែរ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំមុន លោក Biden បានធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំកំពូលត្រីភាគី ជាមួយសម្ព័ន្ធមិត្តអាស៉ីខាងកើតទាំង២ នៅ Camp David ជាទីដែលមេដឹកនាំទាំង៣ បានព្រមព្រៀងគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចកាន់តែមានភាពស៉ីជម្រៅ ហើយរៀបចំឱ្យមានជំនួបប្រចាំឆ្នាំ។ លោក Kishida និងលោក Yoon ធ្លាប់បានចូលរួម​កិច្ចប្រជុំកំពូល NATO កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ ខណៈ NATO ដែលដឹកនាំសហរដ្ឋអាមេរិក ព្យាយាមពង្រឹងទំនាក់ទំនង​ជាមួយដៃគូនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក រួមមានទាំងជប៉ុននិងកូរ៉េខាងត្បូង៕