(ប៉ារីស)៖ រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastien Lecornu បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា បារាំងនឹងបញ្ជូនរថពាសដែកចាស់ៗរាប់រយគ្រឿង រួមទាំងប្រព័ន្ធមីស៉ីលថ្មីទៅកាន់អ៊ុយក្រែន ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ ២០២៤។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក Lecornu បាននិយាយថា ការសម្រេចបែបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានស្នើសុំកញ្ចប់ជំនួយយោធាថ្មីទៀតពីលោកប្រធានាធិបតី ម៉ាក្រុង ដែលអាចរួមបញ្ជូលទាំងអាវុធចាស់ៗនៅអាចប្រើការបាន។ លោក Lecornu បានបន្ថែមថា កងទ័ពអ៊ុយក្រែនត្រូវការការពារខ្លួនឯងនៅសមរភូមិជួរមុខដ៏វែងឆ្ងាយ ដូច្នេះទាមទារឱ្យមានរថពាសដែក ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ការចល័តទ័ព។ បារាំងក៏កំពុងត្រៀមបញ្ចេញប្រព័ន្ធមីស៉ីល Aster 30 SAMP/T ទៅឱ្យអ៊ុយក្រែនផងដែរ។ Aster 30 អាចស្ទាក់ចាប់យន្តហោះចម្បាំង យន្តហោះដ្រូន និងមីស៉ីល ហើយអាចបាញ់ក្នុងរយៈចម្ងាយ ១២០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា កាលពីខែមុន លោក ម៉ាក្រុង បានលើកឡើងអំពីលទ្ធភាពបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន ប៉ុន្តែមិនទទួលបានការគាំទ្រក្នុងចំណោមសមាជិកនោះទេ ខណៈសម្ព័ន្ធមិត្តអ៊ុយក្រែនយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចែកចាយគ្រាប់កាំភ្លើងទៅឱ្យទីក្រុងកៀវ៕