(Reuters)៖ ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា បាននិយាយថារុស្ស៉ីបានស្នើឱ្យអ៊ុយក្រែនធ្វើបត្យាប័នមនុស្សទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើភេរវកម្មនៅក្នុងប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងប្រមុខសេវាសន្តិសុខអ៊ុយក្រែន SBU ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេវាសន្តិសុខអ៊ុយក្រែន SBU បានច្រានចោលភ្លាមៗចំពោះសំណើរបស់រុស្ស៉ី ដោយចាត់ទុកថាជារឿងឥតប្រយោជន៍ ហើយថាក្រសួងការបរទេសរុស្ស៉ីភ្លេចខ្លួនថាលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅវិញទេដែលកំពុងស្ថិតក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ីបានរៀបរាប់ពីឧបទ្ទវហេតុជាច្រើនដែលបានកើតឡើងក្នុងប្រទេសរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពី ខែកុម្ភៈ ឆ្នាំ២០២២មក មានដូចជាការបំផ្ទុះគ្រាប់បែកសម្លាប់កូនស្រីរបស់អ្នកជាតិនិយមរុស្ស៉ីដ៏ល្បីម្នាក់ រួមទាំងអ្នកសរសេរប្លុកយោធាម្នាក់ និងហេតុការណ៍ដែលធ្វើឱ្យ អ្នកនិពន្ធម្នាក់រងរបួសធ្ងន់។ មិនតែប៉ុណ្ណោះ ក្រសួងការបរទេសរុស្ស៉ីក៏បានអះអាងដែរថាការស៊ើបអង្កេតលើឧបទ្ទវហេតុទាំងនេះបង្ហាញថាមានជាប់ពាក់ព័ន្ធនឹងអ៊ុយក្រែន។

គួរបញ្ជាក់ថា នៅក្នុងបញ្ជីឈ្មោះដែលរុស្ស៉ីស្នើសុំធ្វើបត្យាប័នពីអ៊ុយក្រែន រួមមានប្រមុខសេវាសន្តិសុខអ៊ុយក្រែន SBU លោក Vasyl Maliuk ដែលបានទទួលស្គាល់ថា ទីភ្នាក់ងាររបស់លោកគឺជាអ្នកនៅពីក្រោយការវាយប្រហារលើស្ពានតភ្ជាប់តំបន់គ្រីមៀ ទៅកាន់ទឹកដីរុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក៕

លោក vasyl maliuk