(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ត្រូវបានរំពឹងថាអាចនឹងរៀបចំកិច្ចប្រជុំមួយតាមអនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីពិភាក្សាពីសំណើរបស់រដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន ពាក់ព័ន្ធនឹងផែនការវាយលុកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន អាមេរិក Axios។

សារព័ត៌មាន Axios ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអ៉ីស្រាអែល និងអាមេរិកចំនួន៤រូប។ តាមពិតទៅកិច្ចប្រជុំនេះ គ្រោង ធ្វើឡើងកាលពីសប្ដាហ៍មុន តែត្រូវបានលុបចោលទៅវិញចំពោះមុខភាពតានតឹងរវាងលោក ណេតាន់យ៉ាហ៊ូ និងលោក បៃដិន។ អ៉ីស្រាអែលបានលុបចោលកិច្ចប្រជុំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក មិនព្រមបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយ សម្រាប់តំបន់ហ្កាហ្សា។ ប៉ុន្តែ រំលងបានមួយថ្ងៃ លោក ណេតាន់យ៉ាហ៊ូ បានជូនដំណឹងដល់សេតវិមានពីគម្រោងរៀបចំកាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំនេះ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានជំទាស់ជាសាធារណៈចំពោះផែនការបើកប្រតិបត្តិការជើងគោកវាយលុកចូលទីក្រុង Rafah ជាទីដែលប្រជាជនប៉ាឡេស្ទីន ជាង ១លាននាក់ កំពុងជ្រកកោន ដោយព្រមានថាប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយនឹងបង្កជាគ្រោះហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ។

ដើម្បីជាថ្នូរនឹងការស្នើឱ្យអ៉ីស្រាអែលកុំវាយលុកចូល Rafah រដ្ឋបាលលោក បៃដិន បានលើកឡើងនូវជម្រើសផ្សេងទៀតជាច្រើន ក្នុងនោះរួមមានទាំងការផ្តោតលើ ជំហានដំបូងនៃការធានាសន្តិសុខនៅតាមព្រំដែនរវាងអេហ្ស៉ីប និងហ្កាហ្សា ក្រោមក្របខណ្ឌនៃការចូលរួមរវាងអាមេរិក អេហ្ស៉ីប និងអ៉ីស្រាអែល ដើម្បីកម្ទេចរូងក្រោមដី នៅតាមព្រំដែន និងបង្កើតហេដ្ឋរចនាសម្ព័ន្ធរារាំងកុំឱ្យមានការលួចលាក់ដឹកអាវុធចូលទៅក្នុងតំបន់ហ្កាហ្សា៕