(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទទួលការវះកាត់ជំងឺក្លន ដោយជោគជ័យ ចំពេលដែលលោក កំពុងដឹកនាំការធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។

ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានឱ្យដឹងថាកាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ អំឡុងការត្រួតពិនិត្យ សុខភាពជាប្រចាំ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានក្រុមគ្រូពេទ្យរកឃើញថាកើតជំងឺក្លន។ នាយករដ្ឋមន្ត្រីវ័យ ៧៤ឆ្នាំរូបនេះ នឹងត្រូវទទួលវះកាត់ដោយចាក់ថ្នាំស្ពឹក នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា (ម៉ោងនៅអ៉ីស្រាអែល)។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទ ទី១ ខែមេសានេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានបញ្ជាក់ទៀតថាលោក ណេតាន់យ៉ាហ៊ូ មានសុខភាពល្អ និងចាប់ផ្ដើមជាសះស្បើយបណ្ដើរៗ៕