(មូស្គូ)៖ ឯកសារដែលបានបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង នៅថ្ងៃអាទិត្យនេះបានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីបើកយុទ្ធនាការកំណែនទ័ពសម្រាប់និទាយរដូវ ចំនួន ១៥០,០០០នាក់ ឱ្យចូលមប្រើយោធាជាកាតព្វកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

បុរសទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានតម្រូវឱ្យបម្រើក្នុងជួរយោធាសម្រាប់រយៈពេល ១ ឆ្នាំ ឬត្រូវទទួលការបណ្តុះបណ្តាលសមមូល ក្នុងអំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សា។

កាល​ពី​ខែ​កក្កដា សភា​ជាន់​ទាប​របស់​រុស្ស៊ី​បាន​បោះឆ្នោត​ដំឡើង​អាយុ​អតិបរមា​ សម្រាប់​បុរស​ដែល​ត្រូវ​មានកាតព្វកិច្ចចូល​ក្នុង​ជួរ​កងទ័ព ​ពី ២៧ ទៅ ៣០ ឆ្នាំ។ ច្បាប់ថ្មីនេះបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤។

គួរជម្រាបថា ការបំពេញកាតព្វកិច្ចយោធា គឺជាបញ្ហាដ៏រសើបមួយក្នុងប្រទេសរុស្សីតាំងពីយូរយារណាស់មកហើយ ដោយបុរសជាច្រើនបានព្យាយាមគេចផុតពីកាតព្វកិច្ចនេះ ដែលកោះហៅចំនួនពីរដងក្នុងមួយឆ្នាំ គឺនៅនិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ។

កាលពីខែកញ្ញា លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបានបញ្ជាឱ្យកែនទ័ពចំនួន ១៣០,០០០ នាក់ សម្រាប់យុទ្ធនាការរដូវស្លឹកឈើជ្រុះ។ ហើយកាលពីនិទាឃរដូវចុងក្រោយ រុស្ស៊ីក៏បានគ្រោងកែនទ័ពចំនួន ១៤៧,០០០នាក់ផងដែរ៕