(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ពាក្យសម្តីរបស់លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានធ្វើឱ្យ អ្នកប្រើបណ្តាញអ៊ីនធឺណែតរបស់អាមេរិករិះគន់ និងសើចចំអក។

នៅពេលទៅទស្សនារោងចក្រផលិតអាគុយសូឡា ប្រើថាមពលពន្លឺព្រះអាទិត្យមួយ ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក លោកស្រី Janet Yellen បានអះអាងថា ឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន មានបញ្ហាអតិរេកផ្នែកផលិតភាពដែលបានបណ្តាលឱ្យ តម្លៃសកលនិងរូបមន្តផលិតកម្មមានភាពមិនប្រក្រតី ហើយបានប៉ះពាល់ដល់ផលប្រយោជន៍ របស់សហគ្រាសនិងកម្មករអាមេរិក។

បន្ទាប់ពីពាក្យសម្តីបែបនេះចេញពីមាត់របស់លោកស្រី បានធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែតរបស់អាមេរិក សើចចំអកភ្លាមថា "ខណៈពេលដែលសហរដ្ឋអាមេរិក មានឧត្តមភាពប្រកួតក្នុងការប្រជែង ពួកគេក៏ថ្លែងអំពីទីផ្សារសេរី បើមិនអ៊ីចឹង ក៏អនុវត្តការពារនិយម ។ នេះគឺជាក្បួនច្បាប់របស់សហរដ្ឋអាមេរិក" ។ល។ ការបញ្ចេញមតិយ៉ាងមុតស្រួចទាំងនេះ បានលាតត្រដាងនូវការនិយាយ យកតែត្រូវដោយគ្មានហេតុផល ការលាក់ពុតនិងស្តង់ដារពីររបស់ អ្នកនយោបាយមួយចំនួនរបស់អាមេរិក ហើយក៏បានលាតត្រដាង នូវគំនិតអនុត្តរភាពរបស់ពួកគេដែលភ័យខ្លាច ការប្រកួតប្រជែងដោយយុត្តិធម៌ និងទម្លាក់កំហុសឱ្យគេតាមតែទំនើងចិត្តផងដែរ។

ការអភិវឌ្ឍបៃតងគឺជាតម្រូវការផ្ទៃក្នុង នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនគឺជាប្រទេសមុនគេបង្អស់ ក្នុងចំណោមប្រទេសធំលើទូទាំងពិភពលោក ដែលលើកឡើងនូវគោលដៅស្តីពីការកាត់បន្ថយ ការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន ។ នៅឆ្នាំ ២០២៣ ទំហំនាំចេញសរុបនៃ"ផលិតផលចំនួន ៣ "របស់ចិន ដែលមានរថយន្តដឹកអ្នកដំណើរ ដើរដោយថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយថាមពលសូឡា ជាតំណាងមានចំនួនលើសពី ១,០៦ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើងជិត ៣០ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២២។ ប្រការនេះមិនត្រឹមតែបានបង្ហាញពី ភាពរស់រវើករបស់សេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បានជួយប្រទេសផ្សេងទៀត ឱ្យសម្រេចបាននូវការធ្វើបរិវត្តកម្មបៃតង ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុសកលផងដែរ។

យ៉ាងណាមិញ នៅក្នុងក្រសែភ្នែករបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិក ការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស នៃឧស្សាហកម្ម "យុទ្ធសាស្រ្តថ្មី" របស់ប្រទេសចិនបាននិងកំពុង គំរាមកំហែលដល់ផលប្រយោជន៍របស់ពួកគេ ។ ស្ថិតក្រោមទស្សនៈផលបូកសូន្យ ពួកគេបានយល់ឃើញថា ឋានៈរបស់ប្រទេសចិនក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានលើកកម្ពស់ គឺមានន័យថា ឱកាសសម្រាប់សហគ្រាសអាមេរិក កាន់តែតិចទៅៗ។ តើត្រូវដោះស្រាយតាមរបៀបណា? ពួកគេមិនមែនគិតគូរ ពីការកែលម្អបច្ចេកវិទ្យានិងលើកកម្ពស់ កម្លំងប្រកួតប្រជែងរបស់ខ្លួននោះទេ តែគឺយកអ្វីដែលហៅថា "សន្តិសុខជាតិ" និង "បញ្ហាអតិរេកផ្នែកផលិតភាព" ជាដើមធ្វើជាលេសដើម្បីព្យាយាមលាបពណ៌ប្រទេសចិន និងដកហូតសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍ដ៏ស្របច្បាប់ របស់ប្រជាជនចិន ។

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា ឥស្សរជនអ្នកដឹងប្រភពព័ត៌មាននៃរដ្ឋាភិបាលអាមេរិកបានអះអាងថា លោកស្រី Janet Yellen នឹងបំពេញទស្សនកិច្ច នៅប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះ ។ អ្នកវិភាគមួយចំនួនបានសម្គាល់ឃើញថា លោកស្រីបានឃោសនាបំប៉ោងពី បញ្ហាពិភាក្សាពាក់ព័ន្ធនៅពេលនេះ គឺមានបំណងចង់ដាក់សម្ពាធទៅលើប្រទេសចិន អំពីគោលនយោបាយឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងពេលជាមួយគ្នានេះ ក៏មិនច្រានចោលលទ្ធភាពដែលបំភាន់ ដល់មតិសាធារណៈសម្រាប់ការដាក់ចេញ នូវគោលនយោបាយការពារនិយម នៅជំហានក្រោយរបស់អាមេរិកផងដែរ។

បច្ចុប្បន្ននេះ ឧស្សាហកម្មថាមពលថ្មីសកលមានអនាគតយ៉ាងទូលំទូលាយ។ ក្នុងអំឡុងពេលកិច្ចជំនួបប្រមុខរដ្ឋរវាងចិន និងអាមេរិកនៅក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ដែលធ្វើឡើងកាលពីឆ្នាំមុន ប្រទេសទាំងពីរបានរួមគ្នាចេញផ្សាយ សេចក្តីថ្លែងការណ៍ស្តីពី "ស្រុកពន្លឺព្រះអាទិត្យ" ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការឆ្លើយតបនឹងវិបត្តិអាកាសធាតុ។ និយាយចំពោះអ្នកនយោបាយមួយចំនួន របស់អាមេរិក ពួកគេគួរតែបោះបង់ចោល នូវទស្សនៈផលបូកសូន្យដោយបានយល់ដឹងថា ភាពជោគជ័យរៀងៗខ្លួនរបស់ចិន និងអាមេរិកគឺជាកាលានុវត្តភាពសម្រាប់គ្នាទៅវិញទៅមក ហើយគួរធ្វើតាមក្រឹត្យក្រមសេដ្ឋកិច្ចនិងក្បួនច្បាប់ទីផ្សារ។ ប្រការទាំងនេះទើបជាមាគ៌ាដ៏ត្រឹមត្រូវ សម្រាប់ធ្វើឱ្យឧស្សាហកម្មរបស់ខ្លួន មានភាពកាន់តែខ្លាំងក្លា៕

វិទ្យុមិត្តភាពកម្ពុជាចិន