(ប៉េកាំង)៖ "អន្ទាក់ Thucydides" មិនមែនចៀសមិនរួចទេ នេះគឺជាគំនិតឯកភាពរួមរបស់មជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនិងមជ្ឈដ្ឋានយុទ្ធសាស្ត្រចំណេះដឹងឯកទេសនៃសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី ២៧ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយតំណាងមកពីមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនិងមជ្ឈដ្ឋានយុទ្ធសាស្ត្រចំណេះដឹងឯកទេស នៃសហរដ្ឋអាមេរិកនៅក្រុងប៉េកាំង។

នេះជាលើកទីមួយហើយដែលលោកប្រធានរដ្ឋចិន Xi Jinping បានធ្វើការផ្លាស់ប្តូរទល់មុខគ្នាជាមួយឥស្សរជនអាមេរិក នៅក្រុងប៉េកាំងចាប់តាំងពីប្រមុខរដ្ឋចិន-អាមេរិក បានធ្វើកិច្ចជំនួបនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា គំនិតឯកភាពរួមដ៏ធំបំផុតក្នុងកិច្ចជំនួប នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូគឺ ធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក មានស្ថិរភាពនិងប្រសើរឡើង។ តំណាងភាគីអាមេរិក បានថ្លែងថា "អន្ទាក់ Thucydides" មិនមែនចៀសមិនរួចទេ ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលសហរដ្ឋអាមេរិកចាត់ទុកប្រទេសចិន ជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ខ្លួន ឥស្សេជនអ្នកវិភាគជាច្រើនបានប្រើពាក្យ "អន្ទាក់ Thucydides" មកបង្ហាញពីការព្រួយបារម្ភចំពោះទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិននិងអាមេរិក។ ក្នុងអំឡុងពេលកិច្ចជំនួបលើកនេះ ហេតុអ្វីបានជាតំណាងភាគីអាមេរិកថ្លែងថា "អន្ទាក់ Thucydides" មិនមែនចៀសមិនរួចទេ ? យើងអាចពន្យល់ពីវិស័យចំនួន ៣។

ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិក គឺជាកាលានុវត្តភាពសម្រាប់គ្នាទៅវិញទៅមក។ ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិកបានកើនឡើងជាង ២០០ដង ចាប់តាំងពីភាគីទាំងពីរ បានបង្កើតទំនាក់ទំនងការទូតមក ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ មានចំនួន ៤,៧ ទ្រីលានយាន់ប្រាក់ចិន បច្ចុប្បន្ននេះ មានសហគ្រាសអាមេរិកចំនួនលើសពី៧ ម៉ឺនសហគ្រាសមកវិនិយោគទុន និងប្រកបអាជីពនៅក្នុងប្រទេសចិន ដែលប្រាក់ចំណេញប្រចាំឆ្នាំមានចំនួនលើសពី ៥០ ពាន់លានដុល្លារអាមេរិកដែលក៏បាននាំមក នូវកម្លាំងរស់រវើកដល់សេដ្ឋកិច្ចចិនផងដែរ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក បានផ្តល់ការទ្រទ្រង់ដល់ឱកាសការងារជាង ២៦០ ម៉ឺនកន្លែងក្នុងស្រុកអាមេរិក។ល។ អាចឃើញថា ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ បានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងពូនជ្រំនិងអភិវឌ្ឍយ៉ាងសកម្ម នូវកម្លាំងផលិតកម្មគុណភាពថ្មី មិនថាការធ្វើបរិវត្តកម្មឧស្សាហកម្មប្រពៃណី ឬក៏ការអភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មី និងឧស្សាហកម្មសំដៅទៅរកពេលអនាគតក្តី ក៏សុទ្ធតែនាំមកនូវកាលានុវត្តភាពកាន់តែច្រើន ដល់សហគ្រាសអាមេរិក។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានពន្លឿនការដាក់ចេញនូវបញ្ជីអវិជ្ជមាននៃការអនុញ្ញាត ឱ្យការវិនិយោគនៃពាណិជ្ជករបរទេសចូលទីផ្សារចិនឆ្នាំ ២០២៤ លុបចោលដោយគ្រប់ជ្រុងជ្រោយនូវវិធានការរឹតបន្ដឹង ទុនបរទេសវិនិយោគក្នុងវិស័យកម្មន្តសាល ក៏ដូចជាបន្ធូរបន្ថយនូវការដាក់កំហិត ចំពោះការអនុញ្ញាតឱ្យចូលក្នុងមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើម។ ប្រការនេះបានធ្វើឱ្យលំហអភិវឌ្ឍន៍ នៃសហគ្រាសអាមេរិកមានភាពកាន់តែទូលំទូលាយ។

រំលឹកឡើងវិញនូវការបត់បែននៃទំនាក់ទំនងចិន-អាមេរិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មូលហេតុសំខាន់បំផុត គឺ ស្ថិតនៅត្រង់ថា អាមេរិកបានចាត់ទុកចិនជាគូប្រជែងសំខាន់បំផុតដោយខុសឆ្គង។ បច្ចុប្បន្ននេះ ការយល់ដឹងខុសឆ្គងរបស់អាមេរិកចំពោះ ប្រទេសចិននៅតែបន្តកើតមានដដែល ហើយមធ្យោបាយសម្រាប់គាបសង្កត់ចិន បានប្រើប្រាស់ក្នុងទម្រង់ថ្មីជាបន្តបន្ទាប់។ ប្រការនេះបានបណ្តាលឱ្យមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៃអាមេរិក មានការប្រឆាំងយ៉ាងខ្លាំង។

"អន្ទាក់ Thucydides" មិនមែនចៀសមិនរួចទេ វាក៏មានប្រភពពីការប្រាស្រ័យទាក់ទង និងចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ ចិននិងសហរដ្ឋអាមេរិកផងដែរ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសចិនបានប្រកាសថា នឹងអញ្ជើញយុវជននិងក្មេងជំទង់អាមេរិកចំនួន ៥ ម៉ឺននាក់ឱ្យធ្វើការផ្លាស់ប្តូរ និងរៀនសូត្រនៅប្រទេសចិន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ ព្រមពេលជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនឆ្លងប្រទេស បាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងនោះបូករួមទាំងមន្ត្រីជាន់ខ្ពស់ នៃសហគ្រាសអាមេរិកជាច្រើនដូចជា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm ជាដើម។ ប្រវត្តិសាស្រ្តនៃទំនាក់ទំនងចិន-អាមេរិក នៅអតីតកាលត្រូវបានសរសេរដោយប្រជាជន ហើយនៅអនាគតកាល កាន់តែត្រូវបង្កើតដោយប្រជាជនដែរ។

សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហរដ្ឋអាមេរិក។ ក្រោមស្ថានការណ៍នាពេលបច្ចុប្បន្ន ផលប្រយោជន៍រួមរវាងចិន និងអាមេរិកមិនមែនត្រូវកាត់បន្ថយទេ តែគឺកាន់តែច្រើនឡើងៗ។ ដោយឡែកសហរដ្ឋអាមេរិកនិងចិនចាំបាច់ ត្រូវធ្វើកិច្ចសហប្រតិបតិ្តការ ហើយចាំបាច់ត្រូវស្វែងរកវិធីដ៏ត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយគ្នា។ "អន្ទាក់ Thucydides" មិនមែនចៀសមិនរួចទេ នេះគឺជាគំនិតឯកភាពរួមរបស់មជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនិងមជ្ឈដ្ឋានយុទ្ធសាស្ត្រ ចំណេះដឹងឯកទេសនៃសហរដ្ឋអាមេរិក ហើយក៏គួរក្លាយជាគំនិតឯកភាពរួមរបស់ ថ្នាក់កាន់អំណាចរបស់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន