(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចេញបញ្ជាឱ្យរដ្ឋាភិបាលលោក ពង្រឹងកិច្ចសហការបន្ថែមទៀត ទៅលើសន្តិសុខដែនសមុទ្រ ដើម្បីប្រឈមបញ្ហាធំៗជាច្រើន ចំពោះបូរណភាពទឹកដី និងសុខសន្តិភាព នៅចំពេលមួយដែលភាពតានជាមួយ​ប្រទេសចិន មានការកើនឡើងនៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។

បទបញ្ជាខាងលើដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃចន្ទដើមសប្តាហ៍ និងទើបត្រូវបានប្រកាសជាសាធារណៈ នាថ្ងៃអាទិត្យនេះ មិនមាន​លើកឡើងឈ្មោះប្រទេសចិនចំៗឡើយ ប៉ុន្តែវាត្រូវបានធ្វើឡើង បន្ទាប់ពីហេតុការណ៍ប្រឈមមុខ និងការចោទប្រកាន់គ្នា​ទៅវិញទៅមក ជាបន្តបន្ទាប់ ជុំវិញបញ្ហាតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង។ ឧប្បត្តិហេតុចុងក្រោយបង្អស់ គឺកាលពីសប្តាហ៍កន្លងទៅ នៅពេលចិនប្រើប្រាស់​កាណុងបាញ់ទឹក មកលើទូកផ្គត់ផ្គង់របស់ហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលទីក្រុងប៉េកាំងហៅថា Ren'ai។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកប្រធានាធិបតីហ្វីលីពីន បានប្តេជ្ញាអនុវត្តវិធានការឆ្លើយតប ប្រឆាំងនឹងអ្វីដែលលោក​ហៅថា ជាសកម្មភាពខុសច្បាប់ គំរាមកំហែង បំពាន និងគ្រោះថ្នាក់ ដោយឆ្មាំសមុទ្រចិន។ បទបញ្ជាខាងលើរបស់លោក Marcos ពង្រីកនិង​កែសម្រួលរចនាសម្ព័ន្ធឡើងវិញ ចំពោះក្រុមប្រឹក្សាដែនសមុទ្ររបស់រដ្ឋាភិបាល​ ដោយបន្ថែមនូវទីប្រឹក្សាសន្តិសុខ អគ្គរដ្ឋអាជ្ញា ប្រធានទីភ្នាក់ងារជាតិសម្របសម្រួលការណ៍សម្ងាត់ ហើយនិងក្រុមការងារពិសេសសមុទ្រចិនខាងត្បូង ទៅក្នុងនោះ។

បទបញ្ជាខាងលើក៏ហាក់ពង្រីកតួនាទីរបស់យោធាហ្វីលីពីនផងដែរ តាមរយៈការចាត់តាំងកងកម្លាំងប្រដាប់អាវុធហ្វីលីពីនតែម្តង មិនមែន​ត្រឹមតែកងទ័ពជើងទឹកនោះទេ ឱ្យស្ថិតក្នុងចំណោមស្ថាប័ននិងទីភ្នាក់ងារ ដែលគាំទ្រក្រុមប្រឹក្សាដែនសមុទ្រនោះ។ លោក Marcos បាន​បង្កើនចំនួនស្ថាប័ន និងទីភ្នាក់ងារគាំទ្រក្រុមប្រឹក្សាជាតិដែនសមុទ្ររបស់ហ្វីលីពីន ពី៩ឡើងដល់១៣ ដែលរួមមានទាំងទីភ្នាក់ងារផ្នែកអវកាស និងវិទ្យាស្ថានឯកទេសកិច្ចការដែនសមុទ្រនិងច្បាប់សមុទ្រ នៃសាកលវិទ្យាល័យហ្វីលីពីន៕