(អូតាវ៉ា)៖ ក្រសួងការពារជាតិកាណាដា បានប្រកាសឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា ប្រទេសកាណាដាបានបញ្ជូនកងទ័ពប្រមាណ៧០នាក់ ទៅកាន់ប្រទេសហ្សាម៉ាអ៉ីក ដើម្បីជួយបង្ហាត់បង្រៀនកងកម្លាំងមកពី ក្រុមប្រទេសនៃតំបន់សមុទ្រការីបង់ (Caribbean) ដែលត្រូវចូលរួម​ក្នុងបេសកកម្ម ដែលអនុញ្ញាតដោយអង្គការសហប្រជាជាតិ (UN) នៅឯប្រទេសហៃទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។

កាលពីឆ្នាំ២០២៣ ប្រទេសកេនយ៉ាបានប្រកាសថា ខ្លួននឹងដឹកនាំកងកម្លាំងចម្រុះខាងលើ ដែលត្រូវបានបង្កើតឡើងក្រោមគោលដៅចម្បង ​ជួយប៉ូលិសនៅប្រទេសហៃទី ទប់ទល់ជាមួយពួកក្រុមជនអន្ធពាលដ៏មានឥទ្ធិពល ស្របពេលដែលការរីករាលដាលអំពើហិង្សាយ៉ាងខ្លាំងក្លា កំពុងដុតបញ្ឆេះវិបត្តិមនុស្សធម៌នៅទីនោះ។ យ៉ាងណាមិញ កិច្ចផ្តួចផ្តើមនេះ​បានជាប់គាំងនៅតុលាការកេនយ៉ា ចាប់តាំងតែពីពេលនោះមក ជាហេតុធ្វើឱ្យបេសកកម្ម មិនទាន់អាចចាប់ផ្តើមបាននៅឡើយ មកទល់ឥឡូវ។

ក្រសួងការពារជាតិកាណាដា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពកាណាដាខាងលើ ដែលមកពីខេត្ត Quebec ជាខេត្តសម្បូរ​អ្នកនិយាយភាសាបារាំងភាគច្រើន នឹងផ្តល់ការបណ្តុះបណ្តាលលើ ជំនាញស្នូលនៃកិច្ចការរក្សាសន្តិភាព ព្រមទាំងការសង្រ្គោះអាយុជីវិត។ បារាំងគឺជាភាសាមួយ ក្នុងចំណោមភាសាផ្លូវការទាំង២ របស់ប្រទេសហៃទី។

គួរបញ្ជាក់ថា កងទ័ពកាណាដានឹងត្រូវស្នាក់នៅប្រទេសហ្សាម៉ាអ៉ីក សម្រាប់រយៈពេលជាជំហានដំបូងគឺ១ខែ ហើយនឹងជួយបង្ហាត់បង្រៀន ​កងកម្លាំងប្រមាណ៣៣០នាក់ មកពីហ្សាម៉ាអ៉ីក បេលី និងបាហាម៉ា។ កាលពីខែកុម្ភៈ កាណាដាបានប្រកាសថា ខ្លួននឹងផ្តល់ថវិកាចំនួន​៨០.៥លានដុល្លារកាណាដា ដើម្បីគាំទ្រដល់ការចេញបេសកកម្មហៃទី ដែលដឹកនាំដោយកេនយ៉ា៕