(សេអ៊ូល)៖ រុស្ស៊ីបានប្រឈមមុខនឹងការប្រតិកម្មកាន់តែខ្លាំងឡើងនៅថ្ងៃសុក្រនេះ បន្ទាប់ពីខ្លួនបានប្រើប្រាស់អំណាចវេតូ ដើម្បីបញ្ចប់ការត្រួតពិនិត្យជាផ្លូវការរបស់អង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ចំពេលមានការស៊ើបអង្កេតលើការផ្ទេរអាវុធ ដែលត្រូវបានចោទប្រកាន់រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៤។

ប្រទេសរុស្ស៊ីបានប្រើអំណាចវេតូរបស់ខ្លួន នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់ការបន្ត នៃក្រុមអ្នកជំនាញដែលមានភារកិច្ចស៊ើបអង្កេត ការរំលោភលើទណ្ឌកម្មដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់របស់កូរ៉េខាងជើង។

នៅថ្ងៃសុក្រនេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានរិះគន់ចំណាត់ការនេះ ដោយពណ៌នាថាវាជា «ការសម្រេចចិត្តមិនទទួលខុសត្រូវ»

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិ លោក Hwang Jung-kook បាននិយាយថា ទីក្រុងសេអ៊ូលបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានបញ្ជូន អាវុធរាប់ពាន់កុងតឺន័រ ទៅឱ្យទីក្រុងមូស្គូសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ហើយទង្វើរបស់រុស្ស៊ីគឺ «វាស្នើនឹងការបំផ្លាញភស្តុតាងដែលអាចបង្ហាញការពាក់ព័ន្ធរបស់ពួកគេ»

សហភាពអឺរ៉ុបបាននិយាយថា វេតូរបស់ទីក្រុងម៉ូស្គូគឺជា «ការប៉ុនប៉ងដើម្បីបិទបាំងការផ្ទេរអាវុធខុសច្បាប់រវាងកូរ៉េខាងជើង និងរុស្ស៊ីក្នុងបរិបទនៃសង្គ្រាមឈ្លានពានខុសច្បាប់ របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកបានហៅការបោះឆ្នោតនេះថាជា «កិច្ចខិតខំប្រឹងប្រែងអាត្មានិយមដើម្បីបិទបាំងរបាយការណ៍របស់ក្រុមប្រឹក្សា ស្តីពីការឃុបឃិតរបស់ខ្លួនជាមួយកូរ៉េខាងជើង»

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ចិនបានបោះឆ្នោតអនុបវាទ ខណៈប្រទេសជាសមាជិកក្រុមប្រឹក្សា សន្តិសុខ១៣ ផ្សេងទៀតបានបោះឆ្នោតគាំទ្រលើការផ្ដល់អាណត្តិជាថ្មីដល់គណៈកម្មាធិការនៃក្រុមអ្នកជំនាញ UN តាមដានលើការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹង កូរ៉េខាងជើង។ អាណត្តិនៃគណៈកម្មាធិការនេះនឹងត្រូវអស់សុពលភាពនៅចុងខែមេសាខាងមុខនេះ។ កូរ៉េខាងជើងបានជាប់ទណ្ឌកម្មចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ បន្ទាប់ពី ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ៕