(ប៉េកាំង)៖ ដើម្បីសម្រេចបាននូវបំណងទុច្ចរិតដែលទន្រ្ទានកាន់កាប់កោះ និងថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីនកំពុងដឹកនាំសម្ដែង "រឿង" មួយហើយមួយទៀតនៅសមុទ្រចិនខាងត្បូង។

ចាប់តាំងពីខែមីនាឆ្នាំនេះមក ហ្វីលីពីនបានចាត់បញ្ជូននាវាដឹកសម្ភារៈនិងនាវាឆ្មាំសមុទ្រជាច្រើនលើក មកបំពានចូលដែនសមុទ្រ ដែលនៅជាប់ថ្មប៉ប្រះទឹក Ren'ai ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ និងសម្ភារៈចូលនូបត្ថម្ភ ចំពោះនាវាចម្បាំងដែលទុកចោល ដោយខុសច្បាប់របស់ខ្លួន ហើយប៉ុនប៉ងបង្កើតប៉ុស្ដិ៍ប្រចាំការនៅលើថ្មប៉ប្រះទឹក ដែលគ្មានមនុស្សរស់នៅរបស់ប្រទេសចិន។

ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រង ដោយអនុលោមតាមផ្លូវច្បាប់ ហើយផ្ចាញ់ការប៉ុនប៉ងរំលោភសិទ្ធិ និងការបង្កហេតុ របស់ភាគីហ្វីលីពីន។ បន្ទាប់មកលោក Gilberto Teodoro រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានព្រលយសម្ដីថា នឹងដាក់ពាក្យបណ្តឹងឱ្យធ្វើមជ្ឈត្តកម្មអន្តរជាតិ អំពីការទាមទារខាងអធិបតេយ្យភាពរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង។ តើមនុស្សមួយចំនួនរបស់ភាគីហ្វីលីពីន ចង់សម្តែងរឿងគួរឱ្យអស់សំណើច នៃរឿងមជ្ឈត្តកម្មនៅសមុទ្រចិនខាងត្បូង"ម្តងទៀតមែនឬ?

ភាគីហ្វីលីពីនបានបង្កហេតុនៅសមុទ្រចិនខាងត្បូងជាញឹកញយ នាពេលថ្មីៗនេះ តើមានបំណងអ្វី? ឥស្សរជនវិភាគបានលើកឡើងថា ហ្វីលីពីនបង្កប់ឧបាយកលបីចំណុចនៅពីក្រោយរឿងនេះ។ ទីមួយ ប៉ុនប៉ងបង្កាច់បង្ខូចកិត្តិយសប្រទេសចិននៅលើផ្ទៃអន្តរជាតិ តាមរយៈការប្រឌិតបញ្ហានិងធ្វើពុតគួឱ្យអាណិតអាសូរ ដើម្បីពង្រឹងគោលគំនិតខុសច្បាប់របស់ហ្វីលីពីន លើសមុទ្រចិនខាងត្បូងថែមទៀត។

ទីពីរ ធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងឡើងកម្តៅ ហើយផ្តល់លេសសម្រាប់ឱ្យអាមេរិក លូកដៃចូលកិច្ចការក្នុងតំបន់។ មុនពេលហេតុការណ៍ ដែលភាគីហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹក Ren'ai នៅថ្ងៃទី២៣ ខែមីនា លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានទៅបំពេញ ទស្សនកិច្ចនៅប្រទេសហ្វីលីពីន ហើយបានលើកឡើងម្តងទៀតនូវ "ពាក្យសន្យាខាងសន្តិសុខ" ចំពោះហ្វីលីពីន។ ពួកគេឃុបឃិតគ្នា ប៉ុនប៉ងអូសទាញ កងកម្លាំងទាំងក្នុងនិងក្រៅតំបន់ ដើម្បីទប់ស្កាត់ប្រទេសចិន ហើយទីបំផុតបម្រើអនុត្តរភាព របស់អាមេរិក។

ក្រៅពីនេះទៀត អាមេរិកជប៉ុននិងហ្វីលីពីន នឹងបើកធ្វើកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន នៅខែមេសា ហើយមជ្ឈដ្ឋាន ខាងក្រៅព្យាករណ៍ថា បញ្ហាសមុទ្រចិនខាងត្បូងនឹងក្លាយជាចំណុចក្តៅមួយ នៃកិច្ចប្រជុំកំពូលលើកនេះ។ ពេលថ្មីៗនេះ មនុស្សមួយចំនួនរបស់ភាគីហ្វីលីពីន បានអះអាងជាច្រើនដងថា នឹងដាក់ពាក្យបណ្តឹងទៅធ្វើមជ្ឈត្តកម្មអន្តរជាតិ អំពីការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិន ចំពោះសមុទ្រចិនខាងត្បូង។ ដូចដែលយើងដឹងស្រាប់ហើយថា អធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ ពាក់ព័ន្ធរបស់ប្រទេសចិន គឺត្រូវបានបង្កើតឡើងនិងកំណត់ ក្នុងដំណើរការប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលមានភស្តុតាងប្រវត្តិសាស្ត្រនិងទីសំអាងផ្លូវច្បាប់ដ៏គ្រប់គ្រាន់ ហើយជាស្របតាមច្បាប់អន្តរជាតិ ដូចជា《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និង《សន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》ជាដើម។

វិសាលភាពទឹកដីរបស់ប្រទេសហ្វីលីពីន គឺត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិមួយចំនួន ហើយមិនដែលរាប់បញ្ចូលកោះ និងថ្មប៉ប្រះទឹកណាមួយក្នុងប្រជុំកោះ Nansha នោះឡើយ។ តែហ្វីលីពីនបានចាត់បញ្ជូននាវាជាបន្ដបន្ទាប់ ដើម្បីបំពានចូលដោយខុសច្បាប់ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ របស់ប្រទេសចិន។

រីឯអ្វីដែលហៅថា "រឿងមជ្ឈត្តកម្មនៃសមុទ្រចិនខាងត្បូង" ដែលត្រូវបានជំរុញដោយប្រទេសហ្វីលីពីននាប៉ុន្មានឆ្នាំមុន គឺជារឿងកំប្លែងខាងនយោបាយមួយលើក។ វិវាទទឹកដីមិនស្ថិតក្នុងវិសាលភាពកែសម្រួល នៃ《សន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ》ទេ។ អ្វីដែលហ្វីលីពីនហៅថា សេចក្តីសម្រេចចិត្តនៃរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង គឺជាក្រដាសឥតបានការមួយសន្លឹក។

ពេលថ្មីៗនេះ លោក MaryKay Carlson ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសហ្វីលីពីន បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនថា សន្ធិសញ្ញាការពាររួមគ្នារវាងអាមេរិកនិងហ្វីលីពីន មានតម្លៃដ៏ធំធេងក្នុងការទប់ស្កាត់ ការប៉ះទង្គិចនៅក្នុងតំបន់។ អ្នកផងទាំងពួងចង់សួរថា៖ ក្រោមការញុះញង់និងជម្រុញពីអាមេរិក ហ្វីលីពីនបន្តបង្កហេតុនៅ សមុទ្រចិនខាងត្បូង ជាបន្តបន្ទាប់និងជះឥទ្ធិពលអវិជ្ជមាន ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ តើវាអាចរួមចំណែកដល់សណ្តាប់ធ្នាប់ ក្នុងតំបន់យ៉ាងដូចម្តេច? តើសម្ព័ន្ធមិត្តអាមេរិកនិងហ្វីលីពីននាំមក នូវស្ថិរភាពឬភាពច្របក់ច្របូលដល់តំបន់? ការពិតបានផ្តល់ចម្លើយ រួចហើយ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន