(ប៉េកាំង)៖ ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៩ខែមីនា លោក David Ranibok Adeang ប្រធានាធិបតីណូរូបានអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីណូរូ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីប្រទេសទាំងពីរចិននិងណូរូស្ដារទំនាក់ទំនងការទូតឡើងវិញ កាលពីខែមករាឆ្នាំនេះ។ នៅរសៀលថ្ងៃទី២៥ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងនៅពេលជួបពិភាក្សាការងារ ជាមួយលោក David Ranibok Adeang ប្រធានាធិបតីណូរូថា មិនថាចំណងមិត្តភាពមកមុនឬយឺត ឱ្យតែចាប់ផ្តើម ក៏នឹងមានអនាគតដ៏ភ្លឺស្វាង។ មិនថាកិច្ចសហប្រតិបត្តិការធំឬតូច ឱ្យតែមានភាពស្មោះត្រង់ ក៏នឹងទទួលសមិទ្ធផលដ៏ធំធេងដែរ។ លោកប្រធានាធិបតី David Ranibok Adeang បានថ្លែងថា ណូរូកោតសរសើរខ្ពស់ចំពោះភាគីចិន ដែលប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្មើភាព មិនថាប្រទេសតូចឬធំ ណូរូរីករាយគោរពតាមគោលការណ៍ប្រទេសចិនតែមួយ ហើយនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។

ពីការស្តារទំនាក់ទំនងការទូតឡើងវិញនៅខែមករា ដល់ការបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែមីនា គោលការណ៍ប្រទេសចិនតែមួយ ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរចិននិងណូរូ។ ក្នុងអំឡុងពេលដែល លោកប្រធានាធិបតី David Ranibok Adeang បំពេញទស្សនកិច្ចនៅប្រទេសចិន ភាគីទាំងពីរបានបញ្ជាក់ម្តងទៀតពីគោលការណ៍នេះ។ លោក David Ranibok Adeang មិនត្រឹមតែអះអាងថា ការស្ដារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញជា “ការឈរនៅម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ” ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញថា នេះជា “និមិត្តសញ្ញាដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងណូរូនិងចិន”ផងដែរ។

ប្រការនេះបានបង្ហាញម្តងទៀតថា គោលការណ៍ប្រទេសចិនតែមួយ ដែលត្រូវកំណត់ក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧១ បានក្លាយជាគំនិតឯកភាពរួមនៅទូទាំងពិភពលោក។ ប្រទេសទាំងពីរចិន និងណូរូ សុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ សុទ្ធតែប្រឈមមុខនឹងភារកិច្ចអភិវឌ្ឍន៍។ រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចណូរូមិនមែនភាពចម្រុះបែប ដែលពឹងផ្អែកទៅលើការនាំចេញ ប្រភពធនធាននិងវិស័យទេសចរណ៍។ តែប្រទេសចិនមានខ្សែសង្វាក់ឧស្សាហកម្មពេញលេញ ដែលអាចសម្រេចបាន នូវការបំពេញបន្ថែមឧត្តមភាពទៅវិញទៅមក ជាមួយណូរូតាមរបៀបកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម។

ពីគម្រោងថាមពលអគ្គិសនីនិងប្រព័ន្ធស្តុកថាមពលដោយ PV ទីមួយដែលទទួលការសាងសង់ដោយសហគ្រាសទុនចិន ដល់បច្ចេកទេសដាំផ្សិត ដែលមានអំណោយផលដល់ប្រជាជន ចិនបាននាំមកនូវ “កូនសោមាស” នៃការអភិវឌ្ឍជាច្រើនដល់ណូរូ ។ ប្រជាជនណូរូបាននាំគ្នាសម្តែងការរំពឹងទុក ចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនថា “រំពឹងថាសហគ្រាសចិន កាន់តែច្រើនឡើង មកវិនិយោគទុននៅណូរូ” និង “ស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនទៅលេងនៅណូរូ”។ល។ ក្នុងអំឡុងពេល លោកប្រធានាធិបតី David Ranibok Adeang បំពេញទស្សនកិច្ចនៅប្រទេសចិន ណូរូបានក្លាយជាប្រទេសមួយទៀត ដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពី “ខ្សែក្រវាត់និងផ្លូវ” ជាមួយប្រទេសចិន។ ទន្ទឹមនឹងការអនុវត្តនូវការរួមគ្នា កសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងណូរូ ភាគីទាំងពីរមានចំណុចស៊ីសង្វាក់គ្នាជាច្រើនក្នុងវិស័យបន្សាបទឹកសមុទ្រ ថាមពលបៃតង និងការអភិវឌ្ឍវិលជុំជាដើម។ នេះនឹងនាំមកនូវកម្លាំងចលករថ្មីក្នុងការធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅ។

មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយ បានតភ្ជាប់ប្រទេសចិននិងណូរូ។ ប្រសិទ្ធភាពដ៏វិជ្ជមានដែលមកពីដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីណូរូ David Ranibok Adeang លើកនេះ នឹងជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់របស់ ប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំពារនិងពង្រីកសិទ្ធិនិងផលប្រយោជន៍ របស់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះក៏ជាអត្ថន័យដ៏ត្រឹមត្រូវ ដែលគួរតែមានក្នុងការជំរុញការបង្កើតសហគមន៍ រួមវាសនានៃមនុស្សជាតិផងដែរ៕