(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា មនុស្សរហូតដល់ ៩៥ នាក់នៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុន ស្ថិតនៅជាយទីក្រុងមូស្គូ ដែលខ្មាន់កាំភ្លើងបានបាញ់រះលើអ្នកទស្សនាការប្រគុំតន្ត្រីមួយ ដោយអាវុធស្វ័យប្រវត្តិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

បច្ចុប្បន្នចំនួន​អ្នក​ស្លាប់​​ផ្លូវការ ​ពី​ការ​វាយ​ប្រហារ​លើសាលប្រគំតន្រ្តី Crocus City Hall នៃទីក្រុងមូស្គូ កាលពីថ្ងៃសុក្រសប្តាហ៍មុន មាន ១៤០ នាក់ និង​របួស ១៨២ នាក់​។ ប៉ុន្តែសេវាព័ត៌មាន Baza ដែលមានទំនាក់ទំនងល្អជាមួយសេវាសន្តិសុខ និងការអនុវត្តច្បាប់របស់រុស្ស៊ី បាននិយាយថា ដោយផ្អែកលើការអំពាវនាវរបស់សាច់ញាតិរបស់ពួកគេ មានមនុស្ស ៩៥ នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។

Baza បានលើកឡើងថា «បញ្ជីទាំងនេះ រួមមានមនុស្សដែលសាច់ញាតិមិនអាចទាក់ទងបាន​ ចាប់តាំងពីការវាយប្រហារភេរវកម្ម ប៉ុន្តែពួកគេមិនមាននៅក្នុងបញ្ជីអ្នករងរបួស និងស្លាប់នោះទេ។ ពួកគេខ្លះបានស្លាប់ ប៉ុន្តែមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ»

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ការវាយប្រហារនេះធ្វើឡើងដោយខ្មាន់កាំភ្លើង៤នាក់ ដោយប្រើអាវុធស្វ័យប្រវត្តិ Kalashnikov ។ គ្រាប់រំសេវជាង ៥០០គ្រាប់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ ការបាញ់ប្រហារនេះ បានកើតឡើងមិនយូរប៉ុន្មានមុនពេលក្រុមតន្រ្តីរ៉ុក Picnic សម័យសូវៀតត្រូវបានកំណត់ឱ្យសម្តែង សម្រាប់ហ្វូងមនុស្សដែលមានចំនួន ៦,២០០ នាក់ចូលរួម៕